(កំពត)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តាំផ្ញើឱ្យប្រធានមន្ទីរបរិស្ថានខេត្តកំពត ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ សមូសភាពដឹកនាំ បុគ្គលទទួលខុសត្រូវ សុច្ចរិតភាព សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈ ដោយតម្កល់ខ្ពស់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ការផ្តាំផ្ញើបែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាតំណាង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរបរិស្ថាន ខេត្តកំពតថ្មី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពត។ ពិធីនេះដោយមានការចូលរួមពី លោក ជឹង ផល្លា ប្រធានក្រុមក្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្តនិងមន្ទីរជំនាញ នានាសរុបប្រមាណ១០០នាក់។ ប្រធានមន្ទីរបរិស្ថានថ្មី ដែលត្រូវចូលកាន់តំណែងគឺលោក អេង ប៉ូឡូ ដែល ជំនួសលោក ស៊ុយ ធា អតីតប្រធានមន្ទីរបរិស្ថានខេត្តកំពតដែលត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាន អភិរក្សសមុទ្រ និងឆ្នេរនៃក្រសួងបរិស្ថាន។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានថ្លែងលើកទឹកចិត្តប្រធានមន្ទីរបរិស្ថានថ្មី ត្រូវមានកិច្ចសហការល្អជាមួយគណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុងខេត្ត ដើម្បីគ្រប់គ្រងស្ថានការណ៍លើវិធានការទប់ស្កាត់បទល្មើស ដែលមានសភាពក្តៅគគុកក្នុងពេលបច្ចុប្បន្ន បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹងសំណល់រាវលើបរិស្ថានក្នុងខេត្ត ការងារគ្រប់គ្រង និងអភិរក្សឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយឈរលើមូលដ្ឋានច្បាប់ជាធរមាន និងគិតគូរសុខទុក្ខមន្ត្រីរាជការមន្ត្រីឧទ្យានុរក្សក្នុងមន្ទីរបរិស្ថាន និងមានទំនាក់ទំនងល្អប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត។

លោកក៏បានថ្លែងអំណរគុណ លោក ស៊ុយ ធា អតីតប្រធានមន្ទីរបរិស្ថានដែលបានលះ បង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាដឹកនាំមន្ទីរបរិស្ថានខេត្តកំពតជាង១២ឆ្នាំមកនេះ និងបានសម្រេចនូវសមិទ្ធផលជាច្រើននៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅ ក្នុងខេត្តកំពត។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមអបអរសាទរទាំងអតីតប្រធាន និងប្រធានមន្ទីរបរិស្ថាន បច្ចុប្បន្នដែលសុទ្ធសឹងជាមន្ត្រីពោរពេញដោយសមត្ថភាព និងស័ក្តិសមនឹងទទួលនូវឋានៈ និងតួនាទីនេះ ហើយលោកជឿជាក់ថា លោកទាំងពីរនឹងបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

ក្រសួងបរិស្ថាន សូមអរគុណចំពោះលោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តដែលបានគាំទ្រលោក អេង ប៉ូឡូ ជាប្រធានមន្ទីរបរិស្ថានថ្មី។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែងនៅពេលនេះ ពិតជាមានសារសំខាន់ណាស់ ធ្លុះបញ្ចាំងអំពីការទទួលស្គាល់ និងការយកចិត្ត ទុកដាក់ខ្ពស់របស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះមន្ត្រីរាជការដែលមានស្នាដៃ គុណសម្បត្តិ សមត្ថភាព ឆន្ទៈនិងការខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនៅក្នុងបរិការណ៍ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ក្នុងក្របខណ្ឌនៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរក៏ដូចជាពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក ជាវ តាយ បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបានរួមសាមគ្គីគ្នាខិតខំបំពេញភារកិច្ចជូនមន្ទីរបរិស្ថានខេត្តកំពត ទទួលបានលទ្ធផលល្អប្រសើរក្នុងរយៈពេលកន្លងមក។

ជាមួយគ្នានេះ លោកក៏សូមចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោក អេង ប៉ូឡូ ដែលត្រូវបានក្រសួងបរិស្ថាន តែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តកំពត នាពេលនេះ។

លោក ជាវ តាយ សង្ឃឹមទុកជាមុនថា លោកប្រធានមន្ទីរថ្មីនេះនឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំគ្រប់គ្រងមន្ទីរបរិស្ថាន ខេត្តកំពត ឱ្យមានការរីកចម្រើនថ្មីៗថែមទៀត។ ទន្ទឹមនេះ លោកក៏សូមសើ្នឱ្យមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពត សូមផ្តល់នូវការគាំទ្រដល់លោក អេង ប៉ូឡូ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្របខណ្ឌយុទ្ធសាស្រ្ត នៃគោលនយោបាយវិស័យបរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់។

ចំណែកលោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពតថ្មី បានប្តេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំខេត្តកំពត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត ដែលបានផ្តល់នូវជំនឿ និងទុកចិត្តដល់លោកឱ្យទទួលមុខតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តកំពត ដែលជាមុខតំណែងប្រកប ដោយកិត្តិយសបំផុត ដើម្បីឱ្យលោកមានឱកាសបញ្ចេញអស់នូវកម្លាំងកាយ កម្លាំងចិត្ត រួមចំណែកក្នុងការបន្តការកសាង និងអភិវឌ្ឍវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានការប្តេជ្ញាចិត្តដូចតទៅទី១៖ គោរព និងដើរតាមមាគ៌ាដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ទី២៖ ខិតខំអនុវត្តការងារ តាមគោលនយោបាយ អនុក្រឹត្យ ប្រកាស សារាចរណែនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងស្ថាប័នពាក់ពន្ធ័ ឱ្យកាន់តែ ប្រសើរ សំដៅរួមចំណែកដល់ការពង្រឹងរដ្ឋបាលទំនើប, ទី៣៖ ប្តេជ្ញាខិតខំរួមកិច្ចសហការលើគ្រប់ការងារ ព្រមទាំងរក្សា និងបង្កើនសាមគ្គីភាពផ្ទៃក្នុង មន្រ្តីរាជការក្នុងអង្គភាព មន្ទីរ អង្គភាពក្នុងខេត្ត រួមនឹងអាជ្ញាធរដែនដីផងដែរ និងទី៤៖ អនុវត្តតាមការណែនាំ បទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ដោយសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងវិស័យបរិស្ថានឱ្យអស់ពីលទ្ធភាព ប្រកបដោយមនសិកាវិជ្ជាជីវៈ និងការទទួលខុសត្រូវ៕