(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ថែមទៀត ក្នុងការបំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ បន្ថែមទៀត។

ការស្នើបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីឌីអូ Zoom។

សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃថា តាមរយៈលទ្ធផលប្រកដោយភាពវិជ្ជមានខាងលើនេះ បានពិនិត្យឃើញថាមានកត្តាសំខាន់ៗជាច្រើន ដែលបានជំរុញវឌ្ឍនភាពនៃការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដូចជា៖ ការធ្វើវិសោធនកម្មច្បាប់ និងធ្វើបច្ចុប្បន្នភាព ជាបន្តបន្ទាប់នូវបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក, ការជំរុញដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានទាន់ពេលវេលាពីសំណាក់រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកជាសេនាធិការ។

សម្ដេចក្រឡាហោម បានបន្ដថា កិច្ចខិតខំប្រឹងប្រែងរបស់យន្តការពាក់ព័ន្ធ ដោយបានចាត់តាំងអនុវត្តនូវយុទ្ធសាស្ត្រ និងផែនការរបស់ គ.ស.ច.គ. ប្រកបដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់មានភាពរស់រវើក និងមានស្មារតីទទួលខុសត្រូវខ្ពស់, មានការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសនោះ មានការចូលរួមពីបណ្ដាប្រទេស អង្គការជាតិ និងអន្តរជាតិ ក្នុងការផ្ដល់ជំនួយបច្ចេកទេស និងសម្ភារៈ លើវិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានគាំទ្រ និងឯកភាពចំពោះទិសដៅឆមាសទី២ ដែលបានដាក់ចេញដោយ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងស្នើឱ្យមានយន្ដការពាក់ព័ន្ធគ្រប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមលើកិច្ចការសំខាន់ៗ មួយចំនួន ដូចជា ៖ អនុគណៈកម្មការទី១ ត្រូវយកចិត្តទុកដាក់ថែមទៀត ក្នុងការបំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ដើម្បីធានាឱ្យផ្លូវថ្នល់មានសុវត្ថិភាព និងត្រូវបន្តគាំទ្រដល់ការបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនអចល័តនៅតាមផ្លូវជាតិនានា តាមរយៈការបញ្ចូលគម្រោងបំពាក់នេះទៅក្នុងគម្រោងកសាង ឬជួសជុលផ្លូវ។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ បំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ និងរឹតបណ្តឹងឱ្យបានម៉ឺងម៉ាត់លើការដឹកជញ្ជូនដី ខ្សាច់ ថ្ម ជ្រុះរាយប៉ាយនៅតាមផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

សម្ដេចក្រឡាហោម បានបន្ថែមថា ទន្ទឹមនោះ ត្រូវបន្តធ្វើការរឹតបន្តឹងអនុវត្តច្បាប់ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើប ដើម្បីទប់ស្កាត់បទល្មើសចរាចរណ៍ និងបទល្មើសផ្សេងៗ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព។ ជាមួយនេះត្រូវបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាព និងជាប្រចាំដោយអនុវត្តឱ្យចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះ ជាដើម។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានលើកឡើងថា លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមរយៈការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ច បានពិន័យយានយន្ដល្មើសច្បាប់សរុបចំនួន ១០៥,៩៩៥គ្រឿង ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៧៨% (៥៥៥/៧០៩នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩% (៣៨៥/៥៥៥នាក់)។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៣៤០លើក ខេត្តកណ្តាល ៨៦លើក និងខេត្តស្វាយរៀង ៧៧លើក ក្នុងនោះរួមមាន៖ ទោចក្រយានយន្ដ ត្រីចក្រយានយន្ដ ចំនួន ៧៧,៧៩៤គ្រឿង ស្មើ៧៣%។ ដោយឡែក រថយន្ដ ចំនួន ២៨,២០១គ្រឿង ក្នុងនោះធុនធ្ងន់ ៦,៤៣១គ្រឿង។

លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១,២៦១លើក (យប់៥៤%) បណ្តាលឱ្យស្លាប់ ៧០៩នាក់ និងរបួស ១,៧៩២នាក់ (ធ្ងន់១,០៤៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ រួមមាន៖ ល្មើសល្បឿន៣៤% បើកបរមិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ១៦% វ៉ាជែង៨% បត់៩% កត្តាយានយន្ត៣% ស្រវឹង៣% និងងងុយ១%។ បើគិតក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣៥៨លើក ស្មើ២២% (១២៦១/១៦១៩លើក) ចំនួនអ្នកស្លាប់ថយចុះ ១៥២នាក់ ស្មើ១៨% (៧០៩/ ៨៦១នាក់) និងចំនួនអ្នករបួសថយចុះ ៦៥៧នាក់ ស្មើ២៧% (១៧៩២/២៤៤៩នាក់)។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត គិតត្រឹមខែកក្កដា ឆ្នាំ២០២១ មានយានដ្ឋាន សរុបចំនួន ៤,៥៣២កន្លែង (មានច្បាប់ ៣,៩៧១កន្លែង អត់ច្បាប់ ៣៨០កន្លែង) បានបិទយានដ្ឋានសរុបចំនួន ១៨១កន្លែង។

ទិសដៅសំខាន់ៗ សម្រាប់ឆមាសទី២ ឆ្នាំ២០២១ លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែកស្ទីកយ័រចំណាំងផ្លាត និងមួកសុវត្ថិភាពដល់អ្នកបើកបរទោចក្រយានយន្ត បន្តសិក្សាត្រួតពិនិត្យតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ និងកែលម្អទីតាំងទាំងនោះ បំពាក់កាមេរ៉ាសុវត្ថិភាព និងផ្លាកសញ្ញាចរាចរណ៍សិក្សា និងរៀបចំវិធានការ បំពាក់ប្រព័ន្ធ GPS តាមដាន លើរថយន្តដឹកទំនិញ ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវដែក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវថ្នល់ សហការជាមួយអនុគណៈកម្មការទី២ ក្នុងការត្រួតពិនិត្យយានយន្តដែលផុតសុពលភាពឈៀក បន្តជួសជុល ថែទាំ និងអភិវឌ្ឍផ្លូវស្ពាន ដើម្បីធានានិរន្តរភាព និងលើកកម្ពស់ប្រសិទ្ធភាពចរាចរណ៍ដឹកជញ្ជូន ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គម៕