(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា តាមការវាយតម្លៃចុងក្រោយ របស់អង្គការសហប្រជាជាតិ (UN) ដែលធ្វើឡើងនៅរៀងរាល់៣ឆ្នាំម្តងបង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌ ដែលអាចចាត់ទុកថា រួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។

ការលើកឡើងរបស់សម្តេចតេជាយ៉ាងដូច្នេះតាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចតេជោបន្តថា អស់រយៈពេលជាងពីរទស្សវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមប្រមាណ៧% ជារៀងរាល់ឆ្នាំ ហើយសន្ទុះនៃការរីកចម្រើននេះ បានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ហើយអាចនឹងឈានទៅសម្រេចបានឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចតេជោបញ្ជាក់ក្នុងសារលិខិតយ៉ាងដូច្នេះថា «តាមការវាយតម្លៃចុះក្រោយរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅរៀងរាល់៣ឆ្នាំម្តង ទិន្នន័យក្នុងឆ្នាំ២០២១ បង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌ ដែលអាចចាក់ទុកថា រួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច»។

សម្តេចតេជោបន្តថា ជាការកត់សម្គាល់ បើទោះជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក៏ដោយក៏អាត្រា កំណើន សេដ្ឋកិច្ច កម្ពុជា សម្រាប់ ឆ្នាំ២០២១ រំពឹងថានឹងអាចងើប ឡើងមកវិញស្ថិតនៅក្នុងរង្វង់២.៥% បន្ទាប់ពីមានការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា ការណ៍ដែលកម្ពុជាត្រូវបាន UN ចាត់ទុកជាប្រទេសរួចផុតពីឋានៈជាក្រុមប្រទេស មានការអភិវឌ្ឍតិចតួចនេះ ដោយផ្អែកលើទិន្នន័យនៃកំណើនសេដ្ឋកិច្ចកម្ពុជា រយៈពេល១០ឆ្នាំ ដែលរក្សាបាននូវកំណើនក្នុងរង្វង់៧%ក្នុងមួយឆ្នាំ កម្រិត GDP និងប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជន ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថានភាពនយោបាយ និងស្ថានភាពល្អនៃការធ្វើពាណិជ្ជកម្ម។

លោកបានពន្យល់ថា «កម្ពុជានឹងទទួលបាននូវកិត្យានុភាពមួយដែរ សម្រាប់ពិភពលោក និងក្នុងតំបន់ [...] គេឱ្យវាយតម្លៃទៅលើកម្រិតនៃការអភិវឌ្ឍរបស់ប្រទេសជាតិយើង។ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ បានខំរើខ្លួនចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ដល់កម្រិតមួយជំហានទៀត។ អ្វីដែលជាការអភិវឌ្ឍរបស់ជាតិ គឺយើងបានអភិវឌ្ឍហើយ ក៏ស្របតាមការវាយតម្លៃរបស់គេដែរ ជាកិត្តិយសរបស់កម្ពុជា។ ជាមួយគ្នានេះ ក៏អាចជាឱកាសសម្រាប់កម្ពុជា ពេលគេវាយតម្លៃយើងជាប្រទេសរីកចម្រើន អ្នកដែលពាក់ព័ន្ធសំខាន់ៗ ជាពិសេសវិនិយោគបរទេស (FDI) មានការចាប់អារម្មណ៍លើកម្ពុជា គេថាយើងប្រទេសអ្នកមានដែរ អីចឹងគេអាចមកវិនិយោគបន្ថែមទៀតក៏ថាបាន»

អ្នកជំនាញសេដ្ឋកិច្ចរូបនេះអះអាងថា បើទោះបីជាកម្ពុជារួចផុតពីប្រទេស មានការអភិវឌ្ឍន៍តិចតួចក៏ដោយ ប៉ុន្តែនឹងមិនប៉ះពាល់ដល់ការផ្តល់ជំនួយ ឬការផ្តល់កម្ចីឡើយ ដោយសារតែប្រទេសដែលធ្លាប់ផ្តល់ជំនួយឱ្យកម្ពុជាកន្លងមកនឹងបញ្ឈប់ការផ្តល់ជំនួយនោះទេ ប្រសិនបើកម្ពុជាប្រើប្រាស់ឱ្យមានតម្លៃភាព។

ទោះជាយ៉ាងណា លោកបានលើកឡើងថា បច្ចុប្បន្នកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញ ពីសហរដ្ឋអាមេរិក, EBA មួយផ្នែកពីអឺរ៉ុប នៅពេលដែលកម្ពុជារួចផុត ពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច គេនឹងពិចារណាក្នុងកាត់បន្ថយការអនុគ្រោះពន្ធជាជំហានៗ។ ហេតុនេះកម្ពុជាត្រូវខិតខំប្រឹងប្រែងយ៉ាងណា ក្នុងការរិតចំណងពាណិជ្ជកម្មជាមួយបណ្តាប្រទេសទ្វេភាគី ឬពាហុភាគី និងការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយបណ្តាប្រទេសធំដូចជា ចិន កូរ៉េ ជប៉ុនជាដើម៕