(តាកែវ)៖ កម្មការិនីរោងចក្រម្នាក់ រស់នៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ សម្រាលបានកូនស្រីភ្លោះ ៣នាក់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ នៅមន្ទីរពេទ្យបង្អែកបាទី ស្រុកបាទី ខេត្តតាកែវ។ កម្មការិនីរូបនេះ មានឈ្មោះ រ៉ុម រិទ្ធ អាយុ ៣១ឆ្ឆាំ មានស្វាមីឈ្មោះ ម៉ែន យ៉ែម អាយុ ៤២ឆ្នាំ មុខរបរកម្មករសំណង់។

ចាប់តាំងពីឆ្នាំ១៩៩៩មក ដោយទឹកចិត្តមេត្តាធម៌ និងដើម្បីសម្រាលការលំបាករបស់គ្រួសារនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងចាត់ទុកកូនភ្លោះ៣ គឺជាកូន ហើយបច្ចុប្បន្នចាត់ទុកជាចៅៗរបស់សម្តេច។ ទន្ទឹមគ្នានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងផ្តល់ការឧបត្ថម្ភជាថវិកា និងគ្រឿបឧបភោគនានា ដល់គ្រួសារ ដើម្បីសម្រាលការលំបាក និងសម្រួលដល់ការចិញ្ចឹមបីបាច់កូន។

កម្មការិនីខាងដែលសម្រាលបានកូនស្រីភ្លោះ៣នាក់ខាងលើនេះ ក៏ទទួលបានការយកចិត្តទុកដាក់ និងគាំពារខ្ពស់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។ សម្តេចទាំងទ្វេបានចាត់តំណាងរបស់សម្តេចឱ្យនាំយកអំណោយជាគ្រឿងបរិភោគ និងថវិកាទៅជូនគ្រួសារកម្មការិនីខាងលើដោយផ្ទាល់ដៃនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក ស្វាយ ដូត តំណាងលោក សេង ទៀង ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី នាំយកទៅប្រគល់ជូនផ្ទាល់ដៃគ្រួសារខាងលើ។ អំណោយដែលបានយកទៅប្រគល់ជូនគ្រួសារទារិកាភ្លោះ៣នាក់នេះ រួមមាន៖ ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករស ៥គីឡូក្រាម ក្រម៉ា២ និងសរុង ២។ ថវិកានេះ ដើម្បីសម្រួលដល់ការចិញ្ចឹមបីបាច់ និងដោះស្រាយនូវការលំបាកក្នុងគ្រួសារ។

នៅចំពោះមុខគ្រួសារកូនភ្លោះខាងលើនេះ លោក ស្វាយ ដូត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។

លោក ស្វាយ ដូត បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេល ២២ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលបានកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន ៣៨១គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

បើតាមលោក ស្វាយ ដូត ចំនួនគ្រួសារទារកភ្លោះបីនាក់នេះ គឺមានច្រើនជាងទិន្នន័យខាងលើនេះ ហើយទទួលបានការឧបត្ថម្ភពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។

លោក ស្វាយ ដូត បានអះអាងថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគូរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលសម្រាលបានកូនភ្លោះបី ឬបួននាក់ពិតប្រាកដ។

ក្នុងឱកាសនោះជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុង ឬទឹកលាងដៃ ដើម្បីការឆ្លងរីករាលដាល នៃជំងឺកូវីដដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។

គ្រួសារដែលសម្រាលបានកូនភ្លោះ៣នាក់នេះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ជាពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា៕