(ភ្នំពេញ)៖ មានយុវជន យុវនារី ប្រមាណ ៣០០នាក់ហើយ បានផ្ញើកម្រងឯកសារដូចជាអត្ថបទ កំណាព្យ ចម្រៀង គំនូ និងវីដេអូចូល  រួមប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា (I am a Role Model)» ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា ហើយជ័យលាភី នៃការប្រកួតប្រជែងនឹងត្រូវប្រកាសនៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៦នេះ។  នេះបើយោងតាមមន្រ្តីការងារ Facebook ក៏ដូចជាគេហទំព័រ របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ Fresh News នាព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះ។

យោងតាមមន្រ្តីដដែលនេះ បានបញ្ជាក់ថា ការប្រកួតប្រជែងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានបើកឲ្យប្រជាពលរដ្ឋ ជាពិសេសយុវ ជនខ្មែរ ផ្ញើឯកសារចូលរួមប្រកួតបានរយៈពេល ៣ថ្ងៃមកហើយ។

ទន្ទឹមនឹងមានបេក្ខជន បេក្ខនារីជាច្រើនកំពុងដាក់កម្រងឯកសារចូលរួមប្រកួតក្នុងកម្មវិធីនេះ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ០៣ ខែមេសា នេះ បានអំពាវនាវដល់យុវជន យុវនារី ទាំងអស់ ដែលដាក់ពាក្យចូលរួមប្រកួត ត្រូវពិនិត្យឯកសារឲ្យបានច្បាស់លាស់  មុននឹងដាក់បញ្ចូល (Upload) ពោលត្រូវដាក់ ឲ្យត្រូវទៅតាមផ្នែកនីមួយៗដូចជា (១) អត្ថបទនិងកំណាព្យ, (២) ចំរៀង, (៣) គំនូ និង  (៤) វីដេអូ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ សូមកុំចម្លង ឬយកស្នាដៃអ្នកដទៃ (Copy) មកដាក់ប្រកួត (ដូចជា Clip សម្លេង ឬ វីដេអូ ពី ខ្សែភាពយន្តបរទេស ពីវិទ្យុ ឬ ពីទូរទស្សន៍ជាដើម)។ សម្តេចតេជោ បានបញ្ជាក់ថា ចំពោះអ្នកលួចស្នាដៃរបស់អ្នកដទៃមកចូលរួមនឹង ត្រូវលុបចេញ។

បើតាមក្រុមការងារ នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានឲ្យដឹងថា កម្រងឯកសារដែលដាក់ចូលរួមប្រកួតទាំងអស់ នឹងដាក់បង្ហោះ លើគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ឲ្យប្រជាពលរដ្ឋបោះឆ្នោតរយៈពេល ៤ថ្ងៃ ដើម្បីជ្រើសរើសយកអ្នកមានការគាំទ្រច្រើន  ១០នាក់ (Top 10)។ បន្ទាប់មកបេក្ខជន ដែលទទួលបានគាំទ្រច្រើនទាំង ១០នាក់ នឹងយកទៅបង្ហោះឲ្យមានការបោះឆ្នោតគាំទ្របន្ត  រយៈពេល ៣ថ្ងៃ ដើម្បីស្វែងរកអ្នកមានការគាំទ្រច្រើនជាងគេ ធ្វើជាម្ចាស់ជ័យលាភី។

ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានទូរស័ព្ទ iPhone 6 (16GB) ១គ្រឿង លិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន មួយសន្លឹក និងសម្លៀកបំពាក់កីឡា (Sport Uniform) មួយកំប្ល៉េ។ សម្រាប់បេក្ខជនជាប់ Top 10 នឹទទួលបានសម្លៀកបំពាក់កីឡា (Sport  Uniform) មួយកំប្ល៉េ និងលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែនផងដែរ។ ការប្រគល់រង្វាន់ និង ប័ណ្ណសរសើរ នឹងធ្វើឡើងនៅវិមាន សន្តិភាព។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role  Model» ក្នុងបំណងជំរុញយុវជន យុវនារី ឲ្យក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្តឲ្យពួកគេចូលរួម នៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើនក្នុងកិច្ចការសង្គម។

ចំពោះប្រធានបទវិញ យុវជន យុវនារី អាចជ្រើសរើសប្រធានបទដែលខ្លួនកំពុងមានសកម្មភាពគំរូល្អជាក់ស្តែងស្រាប់ ឬជ្រើសរើស ប្រធានបទណាមួយ ដែលខ្លួនពេញចិត្ត ហើយយល់ច្បាស់ថា ខ្លួននឹងទទួលបានការបោះឆ្នោតគាំទ្រ។ ប្រធានបទ នៃសកម្មភាពទាំង នោះមានដូចជា៖ ក). សកម្មភាពអប់រំលើកស្ទួយការគោរពច្បាប់ចរាចរណ៍, ខ). សកម្មភាព នៃអំពើល្អទាំងឡាយ ដែលជួយទៅលើ កុមារកំព្រា ស្រ្តីមេម៉ាយ ជនចាស់ជរាគ្មានទីពឹង និងជនពិការជាដើម, គ). សកម្មភាពជួយយកអាសារជនរងគ្រោះក្នុងពេលមានគ្រោះ ថ្នាក់ចរាចរណ៍ គ្រោះថ្នាក់អគ្គិភ័យ ឬគ្រោះទឹកជំនន់ជាដើម ។ល។, ឃ). សកម្មភាពសំអាតអនាម័យ សំរាម នៅតាមទីធ្លាសាធារណៈ  និងក្នុងទីក្រុង, ង). សកម្មភាពទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន។

យុវជន យុវនារី អាចដាក់ផលិតឯកសាររបស់ខ្លួនជា កំណាព្យ និងអត្ថបទ, វីដេអូ, ចម្រៀង និងគំនូរជាដើម។

យុវជន យុវនារី អាចដាក់កម្រងឯកសារចូលរួមប្រកួតប្រជែង តាមរយៈគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន៖  http://samdechhunsen.gov.kh/khmer_youth_role_model/login.php

Fresh News នឹងចូលរួមសហការផ្សព្វផ្សាយកម្មវិធីខាងលើឲ្យកាន់តែទូលំទូលាយ ហើយ Fresh News TV ក៏នឹងធ្វើការផ្សាយផ្ទាល់នូវពិធីប្រគល់រង្វាន់ជ័យលាភីផងដែរ៕