(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំជាមួយព្រះចៅអធិការវត្តទាំង០៤ ក្នុងមូលដ្ឋានខណ្ឌ ចំការមន ដើម្បីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន របស់ក្រសួងធម្មការ និងសាសនា និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ថេង សុថុល បានស្នើឱ្យដល់សង្កាត់ទន្លេបាសាក់ និងសង្កាត់ទួលទំពូងទី១ ដែលមានវត្តនៅក្នុងខណ្ឌចំការមន ចាត់តាំងកម្លាំងប្រជាការពារ ចុះពង្រឹងសន្តិសុខ នៅតាមបណ្តាវត្តឲ្យបានល្អប្រសើរ ឆ្លើយតបទៅនឹងសំណូមពររបស់ចៅអធិការវត្តនីមួយៗ ដែលសូមឱ្យអាជ្ញាធរ ចាត់កម្លាំងសណ្តាប់ធ្នាប់ជួយចុះមករៀបចំ លើជនអនាថា ដែលជារៀងរដូវបុណ្យទានធំៗនៅតាមវត្តអារាម តែងតែមានក្រុមជនអនាថា ពលរដ្ឋក្រីក្រ មករកទទួលទានសុំទានក្នុងវត្ត បង្កភាពអនាធិបតេយ្យ ដែលជាដើមហេតុ នៃការឆ្លងមេរោគផ្សេងៗ ពិសេសឆ្លងជំងឺកូវីដ-១៩ ជាដើម។

លោកអភិបាលខណ្ឌ ក៏បានលើកយកសេចក្ដីណែនាំស្តីពី ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌរបស់រដ្ឋបាលរាជធានីភ្នំពេញ និងយោងតាមការណែនាំ របស់គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បញ្ជាក់ដែរថា ដើម្បីធានាបាននូវការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទដែលតា (Delta) ក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យគ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ សាលារៀន រោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនទាំងអស់ តុបតែងលម្អរចនាដោយភ្លើងពណ៌ ចងបដា ពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ នឹងត្រូវផ្សព្វផ្សាយ អំពីខ្លឹមសារនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យបានជ្រួតជ្រាបទូលំទូលាយ ជាពិសេសត្រូវបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលដល់មន្ត្រីរាជការក្រោមឱវាទ ជាពុទ្ធសាសនិក បានចូលរួមបំពេញ កុសលជាប្រពៃណី នៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន។

លោក ថេង សុថុល បានបន្តថា គ្រប់វត្តអារាម ត្រូវអនុវត្តវិធានសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) រួមមាន ចាត់ឱ្យមានអ្នករង់ចាំវាស់កម្ដៅ ដំឡើងទូបាញ់អាល់កុល ដាក់អាល់កុល ឬជែលរៀបចំឱ្យមានកន្លែងលាង សម្អាតដៃ នៅគ្រប់ច្រកចូល។

យកចិត្តទុកដាក់សម្អាតអនាម័យជាប្រចាំនៅតាមបន្ទប់ទឹក និងកន្លែងដែលមានការប៉ះពាល់ច្រើន ដាក់ស្លាកសញ្ញាបង្ហាញពីការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ណែនាំដល់គណៈកម្មការអាចារ្យវត្តគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទឱ្យពាក់ម៉ាស ឬរបាំងមុខការពារជាប្រចាំ ជាពិសេសរក្សាគោលការណ៍គម្លាតសុវត្ថិភាពបុគ្គលសង្គម ឱ្យបានត្រឹមត្រូវយ៉ាងតិច ១.៥ម៉ែត្រពីគ្នា ចៀសវាងឈរប្រជ្រៀតគ្នា ឬកៀកគ្នាជាដាច់ខាត ដោយកំណត់ចំនួនអ្នកចូលរួម ឱ្យសមាមាត្រជាមួយនឹងទីតាំងប្រារព្ធពិធី ។

នៅក្នុងឱកាសនោះរដ្ឋបាលខណ្ឌចំការមន ក៏បានឧបត្ថម្ភនូវសម្ភារៈមួយចំនួនដល់វត្តទាំង០៤ ដោយក្នុង ០១វត្ត ទទួលបាន ម៉ាស៊ីនវាស់កម្ដៅ ០១គ្រឿង, ទឹកអាល់កុល ០១កាន ស្មើ ៣០លីត្រ និងម៉ាសចំនួន ០១កេស ស្មើ ២០០០ម៉ាស៕