(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើង ដែលពិធីនេះបានប្រារព្ធធ្វើឡើង នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ: កម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ជាលទ្ធផល នៃការអនុវត្តអនុវត្តតាមផែនការ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងបានចំនួន ៦៨៥,៦២៤នាក់ ស្មើនឹង ៨៤.៤២% នៃផែនការ ចំនួន៨១២,១៣២នាក់ ក្នុងនោះ៖

*ទី១៖ ប្រជាជនអាយុពី១៨ឡើង ដែលត្រូវចាក់វ៉ាក់សាំង ចំនួន៧០១,៧៣៨នាក់ ក្នុងនោះ ប្រជាពលរដ្ឋចំណាកស្រុក ចំនួន ១០១,៨១៨នាក់ ស្មើនឹង១៤,៥០% អ្នកមានបញ្ហាសុខភាព ចំនួន៣៣,៤១៣នាក់ ស្មើនឹង៤,៧៦% ប្រជាពលរដ្ឋដែលត្រូវចាក់មាន ចំនួន៥៧១,៩៧០នាក់។ ប្រជាជនបានចាក់ដូស ទី១ហើយចំនួន ៥៧៨,៥៨៧នាក់ ស្មើនឹង១០១.១៥% ធៀបនឹងប្រជាពលរដ្ឋ ដែលត្រូវចាក់ចំនួន ៥៧១,៩៧០នាក់។

*ទី២៖ កុមារ និងយុវវ័យពី ១២ដល់ក្រោម១៨ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំង ចំនួន១១០,៣៩៤នាក់ បានចាក់ដូសទី១ហើយ ចំនួន ១០៧,០៣៧នាក់ ស្មើនឹង៩៦.៩៦%។ មិនទាន់បានចាក់ដូសទី១ ចំនួន៣,៣៥៧នាក់ ស្មើនឹង ៣.០៤% ផ្អែកតាមទិន្នន័យនេះ ខេត្តកំពង់ចាម ចាក់បាននឹងនៅបន្តចាក់សម្រាប់ប្រជាពលរដ្ឋចំណូលស្រុក និងអ្នកមានសុខភាពប្រសើរឡើងវិញ។

ដោយពិនិត្យលើស្ថានភាពនេះ រដ្ឋបាលខេត្តកំពង់ចាមបានសម្រេចគោរពស្នើសុំបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តកំពង់ចាម ត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ និងស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំងកូវីដ-១៩ ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែកចំនួន០៩កន្លែង ដើម្បីឲ្យប្រជាពលរដ្ឋដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ មកទទួលយកសេវា ក្រោយពីបិទបញ្ចប់យុទ្ធនាការ។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា វឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ១៩ មិនអាចប្រព្រឹត្តទៅដោយរលូនបានទេ ប្រសិនណាបើមិនមាន វត្តមានសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេច ក្នុងការស្វែងរកវ៉ាក់សាំងមកផ្ដល់ជូន និងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសបានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានជំរុញដល់អាជ្ញាធរខេត្តកំពង់ចាម សូមឲ្យបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការ ការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍បន្ថែមទៀត ដើម្បីបញ្ជ្រាបព័ត៌មាននេះ ឲ្យប្រជាពលរដ្ឋបានយល់ដឹងទូលំទូលាយ ដើម្បីពួកគាត់បានកែប្រែឥរិយាបថ ងាកមកចូលរួមទាំងអស់គ្នា អនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ៕