(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលើផេកផ្ទាល់ខ្លួនរបស់លោកថា លោកនិងចូលសិក្សាថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ ទន្ទឹមនឹងគ្នានោះដែរ លោកក៏សូមផ្ដល់អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រ ដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។

ជាមួយនឹងការផ្ដល់អាហារូបករណ៍ ១៥០កន្លែងនេះ និស្សិតក្រីក្រទាំងនោះ ទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ហើយពួកគេនឹងមានឱកាស បានធ្វើការងារជាមួយក្រុមហ៊ុនរបស់លោក ដោយទទួលបានប្រាក់ខែពី ៣០០ដុល្លារទៅដល់ ៤០០០ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។

អ្នកឧកញ៉ាដែលមានប្រវត្តិ ចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា លោកផ្តល់អាហារូបករណ៍នេះ អ្នកឧកញ៉ា និងចុះវាយតម្លៃដោយផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ជំនាញដែលត្រូវសិក្សាមានដូចជា វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។

នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់សិស្សានុសិស្ស ដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងសិក្សា ដើម្បីប្រឡងយកសញ្ញាបត្រមុនឈានដល់ ការទទួលយក អាហារូបករណ៍នេះ៕