(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យការអភិវឌ្ឍន៍លើគម្រោងថ្មីមួយបន្ថែមទៀត ស្ថិតនៅតាមដងឆ្នេរព្រែកកំពត ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ការអភិវឌ្ឍន៍លើគម្រោងថ្មីមួយនេះ គោលបំណងបង្កើនភាពទាក់ទាញប្រកបដោយភាពស្រស់ស្អាត សំដៅបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាការរៀបចំកន្លែងលំហែកម្សាន្ត មានខ្យល់អាកាសបរិសុទ្ធ មានអនាម័យបរិស្ថាន ធានាដល់គុណភាព សុខភាព សាធារណៈ និងសោភ័ណភាពក្នុងក្រុង ឲ្យបានកាន់តែប្រសើរឡើងថែមទៀត នៅពេលឆាប់ៗខាងមុខនេះ។

ចំពោះគម្រោងមួយនេះជាគម្រោងវិនិយោគ ចេញពីវិស័យឯកជនក្នុងជំហានដំបូង តម្រូវឱ្យធ្វើការបូមខ្សាច់ចាក់បំពេញតាមឆ្នេរដងព្រែក និងរៀបចំប្រព័ន្ធលូទឹក និងរៀបចំខឿនទប់ខ្សាច់ ដែលមានប្រវែងជិត ៣០០ម៉ែត្រ ចាប់ពីចំណុចមណ្ឌលកីឡាលើទឹក រហូតដល់ ផែទូកនេសាទ ខាងត្បូងជាប់ទីលានសួនសាធារណៈព្រះបាទអង្គឌួង។

ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា ដើម្បីអភិវឌ្ឍនូវគម្រោងមួយ ឱ្យទទួលបានលទ្ធផលជោគជ័យ ធានាបាននូវគុណភាព និរន្តរភាព បញ្ចៀសបាននូវផលប៉ះពាល់ ឲ្យនៅមានកម្រិតតិចបំផុត និងបម្រើដល់ផលប្រយោជន៍សាធារណជនឲ្យបានច្រើនបំផុត គឺចាំបាច់ត្រូវមានការចូលរួមពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ សហការផ្ដល់នូវមតិយោបល់ល្អៗ ក្នុងដំណើរការកសាងនៃគម្រោងទាំងអស់នោះ។

ទន្ទឹមនេះ លោក ជាវ តាយ ក៏បានគាំទ្រគម្រោងមួយនេះ និងផ្ដាំផ្ញើដល់ជំនាញ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត ត្រូវធ្វើយ៉ាងណាសហការគ្នា ជាមួយនឹងអ្នកវិនិយោគធ្វើយ៉ាងណា សិក្សារៀបចំគម្រោងប្លង់មេឱ្យបានច្បាស់លាស់ និងលឿនរហ័សនៅពេលខាងមុខនេះ។

លោកអភិបាលខេត្តសង្ឃឹមថា ភូមិសាស្រ្តខេត្តកំពត ពិសេសទីក្រុងកំពត នៅពេលខាងមុខនេះ ក្រោយពីបង្កើតបាននូវគម្រោងថ្មីនេះបន្ថែមទៀតនោះនឹងអាចមាននូវហេដ្ឋារចនាសម្ព័ន បំរើក្នុងវិស័យទេសចរណ៍ និងបង្កើតបានភាពទាក់ទាញព្រមទាំងបានផ្ដល់នូវមុខរបរអាជីវកម្មការងារ រួមនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត៕