(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់នៃគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ១២គ្រឿង ក្នុងនោះមាន ៤គ្រឿងត្រូវឃាត់ទុករយៈពេល ១ឆ្នាំ ដោយដឹកលើសទម្ងន់កំណត់ ២០%នៃទម្ងន់អនុញ្ញាត នៅខេត្តកំពង់ស្ពឺ កណ្តាល ព្រៃវែង និងខេត្តកំពត។

នៅក្នុងប្រតិបត្តិកានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៥គ្រឿង លើផ្លូវ១៤១ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ក្រោម ២០%ចំនួន ២គ្រឿងត្រូវបានពិន័យ និងយានយន្តដឹកជញ្ជូន លើសទម្ងន់ កម្រិតកំណត់លើស ២០% ចំនួន ១គ្រឿងត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ ចំណែកយានយន្ត ២គ្រឿង ផ្សេងទៀតមិនលើសទម្ងន់កម្រិតកំណត់ ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរដោយមិនមានការពិន័យ។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័ត បានត្រួតពិនិត្យយានយន្តដឹកជញ្ជូន ៣គ្រឿង លើផ្លូវ២១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយយានយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ក្រោម ២០%ចំនួន ២គ្រឿងត្រូវបានពិន័យ និងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់លើស ២០% ចំនួន ១គ្រឿងត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័ត បានត្រួតពិនិត្យយានយន្តដឹកជញ្ជូន ២គ្រឿង លើផ្លូវជាតិលេខ១១ គីឡូម៉ែត្រលេខ៥៤ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ក្រោម ២០% ចំនួន ១គ្រឿងត្រូវបានពិន័យ និងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់លើស ២០% ចំនួន ១គ្រឿង ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៥គ្រឿង លើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ១១៩ ស្រុកទឹកឈូ ខេត្តកំពត ដោយយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ក្រោម ២០%ចំនួន ៣គ្រឿងត្រូវបានពិន័យ និងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់លើស ២០% ចំនួន ១គ្រឿង ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ ចំណែកយានយន្ត ១គ្រឿងផ្សេងទៀត ដែលមិនលើសទម្ងន់កម្រិតកំណត់ ត្រូវបានអនុញ្ញាត ឱ្យបន្តដំណើរដោយមិនមានការពិន័យ។

ក្រសួងសាធារណការ ក៏បានក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ទៀតថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕