(ភ្នំពេញ)៖ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) ដែលជាសមាគមចុះបញ្ជីក្រោមក្រសួងមហាផ្ទៃ និងត្រូវបានទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា (NBC) រួមជាមួយនឹង AmCham Cambodia ដែលជាសមាគមគាំទ្រគោលនយោបាយពាណិជ្ជកម្ម ក្នុងការជួយដល់អាជីវកម្មជាច្រើន ដើម្បីបង្កើតការងារ និងកំណើនសេដ្ឋកិច្ច បានចុះអនុស្សរណៈយោគយល់ (MOU) ដើម្បីគាំទ្រដល់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

សមាគមទាំងពីរបានព្រមព្រៀងគ្នានូវសកម្មភាពជាក់ស្តែង រួមមានការចូលរួមជាសមាជិកគ្នាទៅវិញទៅមក និងការបញ្ចុះតម្លៃទៅលើថ្លែចូលរួមព្រឹត្តិការណ៍ផ្សេងៗ ដោយធ្វើជាដៃគូឧស្សាហកម្មសម្រាប់សហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្រុមហ៊ុនទើបនឹងចាប់ផ្តើម (Startup) ការផ្សព្វផ្សាយព្រឹត្តិការណ៏និងសកម្មភាពរួមគ្នាផ្សេងៗ និងកិច្ចសហការប្រតិបត្តិលើព្រឹត្តិការណ៍ «Camtech Sumit» នាពេលខាងមុខរបស់សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា ដែលមានការសហការជាមួយនឹងព្រឹត្តិការណ៍ «World Fintech Festival» រៀបចំឡើងដោយ Singapore Fintech Festival ធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក រ៉េម៉ី ប៉ិល ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា «សហរដ្ឋអាមេរិក គឺជាប្រទេសតំណាងឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ឈានមុខគេមួយចំនួននៅលើពិភពលោក ហើយគោលបំណងរបស់ពួកយើង គឺចង់ចាប់យកអ្នកជំនាញរបស់ AmCham និង ប្រើប្រាស់សមាជិកភាពរបស់ពួកគេក្នុងការសម្រេចបាននូវគោលដៅរបស់យើង»

លោកប្រធាន AmCham Anthony Galliano បានលើកឡើងថា AmCham នៅតែបេ្តជ្ញាចិត្តធ្វើការងារជាមួយវិស័យសាធារណៈ និងឯកជនក្នុងការលើកកម្ពស់និងគាំទ្រអាជីវកម្ម និងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ AnCham ក្នុងការពង្រីកនូវវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹងអំពីភាពជោគជ័យនៃបច្ចេកវិទ្យាពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលជាមួយគ្នា ប្រើប្រាស់អ្នកជំនាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក ដែលជាផ្នែកមួយនៃសមាជិកភាពរបស់យើង ដើម្បីផលប្រយោជន៍របស់ប្រទេស។

លោក Tomas Pokorny លេខាធិការក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា ទាំងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា និង AmCham ធ្វើការចែករំលែកគោលដៅរួមនៃការផ្តល់ការគាំទ្រ ដែលជួយដល់អាជីវកម្មនៅប្រទេសកម្ពុជា ដែលនាំមកនូវភាពរីកចម្រើនដល់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេស។ ដោយមានភាពម៉ឺងម៉ាត់ និងស្មោះត្រង់ចំពោះការគាំទ្ររបស់យើង ព្រឹត្តិការណ៍ Camtech Submit នាពេលខាងមុខនេះនឹងនាំមកជូននូវព័ត៌មានពីអ្នកជំនាញ និងពាក់ព័ន្ធដែលមានប្រភពមកពីអ្នកជំនាញឈានមុខគេលើពិភពលោក។

លោក Tomas Pokorny បន្ថែមយ៉ាងដូច្នេះ «ពួកយើងជឿជាក់ប្រកបដោយក្តីសង្ឃឹមថាការចុះអនុស្សរណៈយោគយល់នេះ នឹងផ្តល់នូវឱកាសដល់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងក្រុមហ៊ុនទើបនឹងចាប់ផ្តើមទាំងអស់នៅប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងទំនួលខុសត្រូវសង្គមនៅក្នុងឧស្សាហកម្មមួយនេះ»

ព្រឹត្តិការណ៍នេះត្រូវបានធ្វើជាសក្ខីភាពដោយក្រុមប្រឹក្សាភិបាល និងសមាជិកប្រតិបត្តិនៃសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា ក៏ដូចជា AmCham ផងដែរ៕