(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម។

របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញានេះបញ្ជាក់ថា ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបនៅចំណុច ផ្លូវលេខ៤ ផ្ទះលេខ៣៩ (បូរីលឹមឈាងហាក់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការបង្ក្រាបនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អេន សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ រឹបអូសថ្នាំញៀន មេតំហ្វេតាមីន (ICE) ទម្ងន់ ៦៦៨.៣៩ក្រាម, សារធាតុមិនច្បាស់លាស់ ១៦៤៦.៥៧ក្រាម, កាំភ្លើងខ្យល់០៣ដើម និងជញ្ជីងថ្លឹងគ្រឿងញៀន០៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី៕