(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់ នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ បន្តមកសម្ពាធទាប ដែលស្ថិតនៅក្នុងប្រព័ន្ធ (ITCZ) ស្ថិតខាងកើតហ្វីលីពីន អាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង។

តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅចន្លោះគីញើន (Qui Nhon) និងដាណាង (Da Nang)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី៣២-៣៤°C
* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី២២-២៤°C
* សីតុណ្ហភាពអតិបរមា មានពី៣១-៣៣°C
* អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅបណ្តាខេត្តជាប់ជួរភ្នំដងរែក ភាគឦសានជាប់ប្រទេសវៀតណាម ព្រះវិហារ និងឧត្តរមានជ័យ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអតិបរមាមានពី៣២-៣៥°C
* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួននៃខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ និងរលកសមុទ្រមធ្យម។

ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវដល់សាធារជនសូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕