(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រតិកម្មនឹងកាសែតបរទេសមួយចំនួន ដែលបានប្រើប្រាស់ពាក្យ «រជ្ជទាយាទ» នៃព្រះមហាក្សត្រកម្ពុជា នៅក្នុងអត្ថបទរបស់ខ្លួន ដែលពាក់ព័ន្ធនឹងសែស្រឡាយ រាជវង្សមួយអង្គស្នើទិញក្លឹបបាល់ទាត់ AS Saint-Etienne នៅលីគកំពូលរបស់បារាំង។

 តាមសេចក្តីប្រកាសរបស់ព្រះបរមរាជវាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា «យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ “Prince Héritier” ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំងពីរជ្ជទាយាទឡើយ»

ការភាន់ច្រឡំថា «រជ្ជទាយាទ» នៃព្រះមហាក្សត្រកម្ពុជា កើតឡើងដោយសារព័ត៌មានបរទេស ចុះផ្សាយអំពី ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើចំនួន ១០០ លានអឺរ៉ូ កាលពីថ្ងៃសុក្រ ដល់ធនាគារ KPMG បញ្ជាក់ពីបំណងធ្វើជាម្ចាស់ក្លិប AS Saint-Etienne ។ សារព័ត៌មានទាំងនោះ បានប្រើប្រាស់នូវពាក្យថា «រជ្ជទាយាទ» ដោយសំដៅលើព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ។

យោងតាមរដ្ឋធម្មនុញ្ញ ត្រង់មាត្រា ១៣ថ្មី បញ្ជាក់ថា ការជ្រើសរើសព្រះមហាក្សត្រ ត្រូវធ្វើឡើងក្នុងរយៈវេលា៧ថ្ងៃយ៉ាងយូរ ដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។ សមាសភាព នៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន៖

* ប្រធានព្រឹទ្ធសភា
* ប្រធានរដ្ឋសភា
* នាយករដ្ឋមន្ត្រី
* សម្ដេចព្រះសង្ឃរាជគណៈ មហានិកាយ និងគណៈធម្មយុត្តិកនិកាយ
* អនុប្រធាន ទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា
* អនុប្រធាន ទី១ និង អនុប្រធានទី២ រដ្ឋសភា
* ការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។

បន្ថែមលើនេះបើតាមមាត្រា១៤ កំណត់ថា ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសមាជិក នៃព្រះរាជវង្សានុវង្សខ្មែរដែលមានព្រះជន្មាយុយ៉ាងតិច៣០ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួង ឬព្រះមហាក្សត្រនរោត្តម ឬក៏ព្រះមហាក្សត្រស៉ីសុវត្ថិ៕