(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកវគ្គបំប៉នជំនាញជនបង្គោល ស្តីពី ការគ្រប់គ្រងសន្តិសុខឯកជន ដល់នាយកដ្ឋានគ្រប់គ្រង សន្តិសុខឯកជន តាមប្រព័ន្ធវីដេអូអនឡាញ។

វគ្គបំប៉នជំនាញជនបង្គោលនេះ មានការអញ្ជើញចូលរួម ដោយលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យជំនាញទាំង៦ ចំណុះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ព្រមទាំងនាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន រាជធានី-ខេត្ត ទាំងអស់ នៅនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។

ក្នុងនាមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ី សុខឃី សូមលើកទឹកចិត្ត ដល់វគ្គបំប៉នជំនាញ និងមានមតិផ្ដាំផ្ញើដូចខាងក្រោម៖

១៖ សិក្ខាកាម ត្រូវខិតខំយកចិត្តទុកដាក់ គោរពតាមកម្មវិធីដែលបានកំណត់ ដោយត្រង់ត្រាប់ ស្ដាប់ការពន្យល់បកស្រាយរបស់គ្រូឧទ្ទេសនាម ដើម្បីទទួលបាននូវចំណេះដឹងពីវគ្គសិក្សា បង្កើនសមត្ថភាពជំនាញ សម្រាប់ដឹកនាំការងាររបស់ខ្លួន និងក្លាយជាជនបង្គោល ។

 ២៖ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបំប៉ននេះទៅបន្តពង្រឹងដល់ជួរថ្នាក់ដឹកនាំរបស់ខ្លួនឲ្យមានការយល់ដឹងអំពីកិច្ចការទាំងនេះ ដើម្បីមានមូលដ្ឋានច្បាស់លាស់ ក្នុងការចង្អុលដឹកនាំ ការងារគ្រប់គ្រងសន្តិសុខឯកជន និងផ្សព្វផ្សាយ បន្តពង្រីកចំណេះដឹងនេះទៅដល់ភ្នាក់ងារសន្តិសុខ ឲ្យមានសមត្ថភាពក្នុងការបំពេញកិច្ចការទៅតាមបណ្ដាក្រុមហ៊ុន និងគ្រឹះស្ថាននានាប្រកបដោយជំនាញច្បាស់លាស់ ។

៣៖ នៅទីនេះ បើនិយាយពីការងារគ្រប់គ្រងសន្តិសុខឯកជន យើងអាចនិយាយថា នាយកដ្ឋាន និងការិយាល័យ រាជធានី-ខេត្ត (ថ្នាក់ដឹកនាំ) បានជុំអស់ហើយ ដូច្នេះ សូមយកឱកាសនេះ ជំរុញដល់ឯកឧត្ដម លោក លោកស្រី ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត លើកិច្ចការដូចខាងក្រោម ៖

* ការងារគ្រប់គ្រង៖ ផ្សព្វផ្សាយដល់ក្រុមហ៊ុនផ្ដល់សេវាកម្ម និងគ្រឹះស្ថាននានា ឲ្យអនុវត្តបានល្អនូវ អនុក្រិត្យ ប្រកាស និងសេចក្ដីណែនាំ ស្ដីពីការគ្រប់គ្រងសន្តិសុខឯកជន។
* ត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការងារគ្រប់គ្រងទិន្នន័យ បញ្ជីឈ្មោះ ម្ចាស់ បុរី ខុនដូរ អាផាតមិន ក្រុមហ៊ុនផ្ដល់សេវា និងគ្រឹះស្ថាននានា តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីមានតួលេខច្បាស់លាស់ ងាយស្រួលក្នុងគ្រប់គ្រង និងការប្រតិបត្តិការតាមការចង្អុលណែនាំរបស់ថ្នាក់ដឹកនាំ។
* ជំរុញ និងពង្រឹងស្មារតីអង្គប្រជុំរបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ដែលបានដាក់ចេញនូវគោលការណ៍ ០៨ចំណុច ដើម្បីពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ និងម្ចាស់បុរី ខុនដូរ។
* ជំរុញការសុំអនុញ្ញាតប្រើប្រាស់ ភ្នាក់ងារសន្តិសុខឯកជន របស់គ្រឹះស្ថាននានា ឲ្យស្របតាមការកំណត់ រកឲ្យឃើញបណ្ដាជន និងសមាសភាពមិនល្អជ្រកក្រោម ក្រុមហ៊ុនសេវាកម្ម និងគ្រឹះស្ថាននានា ដើម្បីធ្វើសកម្មភាពខុសច្បាប់ ឬប្រព្រឹត្តិបទល្មើសផ្សេងៗ។
* ការចូលរួមជាមួយសមត្ថកិច្ចដើម្បីថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម៖ ត្រូវបំផុសគៀងគរ កម្លាំងភ្នាក់ងារសន្តិសុខឯកជន របស់ក្រុមហ៊ុនផ្ដល់សេវាកម្ម និងគ្រឹះស្ថាននានា ចូលរួមថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមសំណូមពររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីជាកម្លាំងបង្អែក និងជំនួយ។

៤៖ កសាងពង្រឹង គោលដៅឈរជើងរបស់ភ្នាក់ងារសន្តិសុខឯកជន ឲ្យក្លាយទៅជាគោលដៅមានសុវត្ថិភាព គ្មានបទល្មើស និងរួមចំណែកអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល។

 ៥៖ បន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមវិធានការ ៣កុំ និង៣ការពារ៕