(ភ្នំពេញ)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវទទួលបានអំណោយនេះ មានចំនួនសរុប ១៥៤៨រូប ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ០១កេសតូចនិង ត្រីខ ចំនួន ០១យួរ។

លោក ឃួង ស្រេង បានណែនាំលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវជំរុញឲ្យមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅទូទាំងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញការងារអោយបានល្អបន្ថែមទៀត ដើម្បីសុខមាលភាពប្រជាពលរដ្ឋរបស់យើង៕