(ភ្នំពេញ)៖ ទន្ទឹមនឹងសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២ ខែមេសា នេះអំពីកំណើននៃកម្រិតជាតិស្លែដែលធ្វើឲ្យទឹកសមុទ្រនៅខេត្តកែប មានពណ៌បៃតងដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកែប សូមផ្អាកទទួលទានគ្រឿងសមុទ្រ និងចុះងូចទឹកសមុទ្រ រង់ចាំក្រសួងជំនាញពិនិត្យផលប៉ះពាល់រួច។

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់នៅលើ ​Facebook របស់សម្តេចថា «ខ្ញុំសូមអំពាវនាវដល់បងប្អូន ដែលរស់នៅក្នុងភូមិសាស្រ្តកែប ជាពិសេសទេសចរជាតិ និងអន្តរជាតិដែលមកលេងកំសាន្តនៅទីនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រនៅទីនេះមួយរយៈ»

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា នៅពេលដែលក្រសួងជំនាញសិក្សាពិនិត្យស្រាវជ្រាវលំអិតអំពីបញ្ហា និងផលប៉ះពាល់សុខភាពរួចរាល់ហើយ គឺនឹងជូនដំណឹងដល់បងប្អូន នៅពេលក្រោយ។ ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ហើយសូមជួយប្រាប់ជាបន្តដល់បងប្អូនដែលគ្មាន Facebook ឬមិនបានទទួលព័ត៌មាននេះអោយបានដឹងគ្រប់ៗគ្នាផង៕