(ភ្នំពេញ)៖​ ក្រសួងទេសចរណ៍ នៅថ្ងៃទី២​ ខែមេសានេះ បានចេញសេចក្តីណែនាំដល់ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពីការផ្អាកចុះងូតទឹក និងទទួលទានអាហារសមុទ្រ ពិសេសនៅតាមឆ្នេរខ្សាច់កោះទន្សាយ និងបណ្តាកោះផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តកែប។

សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានជំរុញឲ្យប្រធានមន្ទីរទេសចរណ៍ យកចិត្តទុកសហការជាមួយ ផ្នែកពាក់ពន្ធ័ដើម្បីផ្សព្វ​ផ្សាយ​អប់រំ ពន្យល់ប្រជាពលរដ្ឋដែលរស់ក្នុងខេត្តកែប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅ​កំសា​ន្ត​​នៅខេត្តកែប អំពីកំណើននៃកម្រិតជាតិស្លែ ដែលធ្វើឲ្យទឹកសមុទ្រ​ នៅកែបមានពណ៌​បៃតង ​​ដែល​អាច​ធ្វើឲ្យប៉ះពាល់ដល់សុខភាព។

​សេចក្តីណែនាំដដែលលើកឡើងថា «សូមប្រជាពលរដ្ឋដែលរស់នៅ​ក្នុង​ខេត្តកែប ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ដែលបានមកលេងកំសាន្តនៅទីនេះ ពិសេស​នៅតាម​ឆ្នេរខ្សាច់​ កោះ​ទន្សាយ​ និង​បណ្ដា​កោះ​ដែល​នៅ​ជុំវិញ​ សូម​ឲ្យ​មានការប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយសូមផ្អាកការ​ទទួល​​ទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រនៅទីនេះមួយរយៈ រហូតដល់ក្រសួងជំនាញ​សិក្សាពិនិត្យ​ស្រាវជ្រាវលំអិតអំពីបញ្ហា និងផលប៉ះពាល់សុខភាពរួចរាល់ហើយ គឺនឹងជូនដំណឹងនៅពេលក្រោយ»

សូមជម្រាបថា បន្ទាប់ពីមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋ ដោយសារទឹកសមុទ្រនៅខេត្តកែប មានការប្រែពណ៌ ហើយបានធ្វើឲ្យសត្វសមុទ្រងាប់ កាលពីម្សិលមិញនោះ នៅព្រឹកថ្ងៃទី២ ខែមេសានេះ ក្រសួងបរិស្ថានបានចុះពិនិត្យ និងធ្វើការពិសោធន៍រកឃើញថា ទឹកសមុទ្រខេត្តកែប មានកំណើននៃកម្រិតជាតិស្លែ ដែលធ្វើឲ្យទឹកសមុទ្រប្រែពណ៌ និងមានជាតិពុល ដូច្នេះទើបក្រសួងបរិស្ថានសម្រេចឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្អាកការចុះងូតទឹក និងបរិភោគគ្រឿងសមុទ្រ រហូតដល់មានការពិសោធន៍ច្បាស់លាស់៕