(ព្រះវិហារ)៖ លោកយាយអាយុ១០២ឆ្នាំម្នាក់បន្ថែមទៀតហើយ នៅស្រុកជាំកម្សាន្ដ ខេត្តព្រះវិហារ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីរូបគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រីបានបញ្ចប់បេសកកម្មនៅខេត្តស្ទឹងត្រែង។

លោកយាយ អាយុ១០២ឆ្នាំ ដែលទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ឈ្មោះ កែវ ហ៊ុត រស់នៅក្បែរតំបន់មុំបី ស្ថិតក្នុងភូមិសែនរុងរឿង២ ឃុំមរកត ស្រុកជាំកម្សាន្ដ ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យរូបគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

លោកយាយដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

គាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់ បើទោះបីរូបគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីរូបគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យឈឺធ្ងន់ធ្ងរនោះដែរ។

សូមជម្រាបថា ការយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនលោកយាយអាយុ១០២ឆ្នាំនាឱកាសនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ឱ វណ្ឌឌីន បានបញ្ចប់ពីពិធីប្រគល់អំណោយជូនលោកតា លោកយាយអាយុ១០០ឆ្នាំឡើង នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង៕