(ភ្នំពេញ)៖ សហភាពចលនាកម្មករកម្ពុជា បានចេញសេចក្ដីអំពាវនាវមួយ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជា និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទប់ស្កាត់ការឡើងថ្លៃទំនិញ និងសេវាដឹកជញ្ជូនអ្នកដំណើរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ។

សហជីពបានលើកឡើងថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនមួយចំនួនតែងដំឡើងថ្លៃទំនិញ និងការដឹកជញ្ជូន របស់ពួកគេរៀងរាល់បុណ្យធំៗ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពកម្មករនិយោជិក គ្រូបង្រៀន មន្រ្តីរាជការ ដោយសារប្រាក់ខែរបស់ស់ពូកគេនៅទាបនៅឡើយ។

សហភាពចលនាកម្មករកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតអំពាវនាវរបស់ខ្លួនថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ សហភាពចលនាកម្មករកម្ពុជា សូមអំពាវនាវ ដល់អាជីវករ និងម្ចាស់រថយន្តទាំងអស់ សូមមេត្តាកុំដំឡើងតម្លៃទំនិញ និងសេវាកម្មរបស់ខ្លូន។ ម្យ៉ាងទៀតសហភាពចលនាកម្មករកម្ពុជា ក៏សូមអំពាវនាវឲ្យ អាជ្ញាធរ រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ចាត់វិធានការទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពផងដែរ ដើម្បីជួយដល់ការចំណាយ​ របស់បងបប្អូនកម្មករនិយោជិក គ្រូបង្រៀន និងមន្រ្តីរាជការ៕