(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះប្រគល់ជូនលោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលមានជំងឺដុះដុំសាច់ក្នុងថ្លើម និងបានវះកាត់រួចហើយនៅប្រទេសថៃ និងកំពុងសម្រាកនៅផ្ទះ។

ការចុះប្រគល់អំណោយនេះបានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលោកអនុសេនីយ៍ឯក រស់ ហ៊ន នៅភូមិព្រែកតានុប ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ម៉ៅ សឿត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ឯក ស ថេត និងបានជំរុញឱ្យលោកអនុសេនីយ៍ឯក រស់ ហ៊ន ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និងខិតខំទទួលយកការព្យាបាលឱ្យបានឆាប់ជាសះស្បើយ។

សូមបញ្ជាក់ថា អំណោយដែរប្រគល់ជូនលោកអនុសេនីយ៍ឯក រស់ ហ៊ន រួមមានទឹកសុទ្ធ ០៤កេស ទឹកក្រូច០២កេស មី០១កេស ត្រីខកំប៉ុង ០២យូរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ម៉ាស់០៤ប្រអប់ ជែល០៤ដប អង្ករ ០១បាវ (៥០kg) និងថវិកា ១ ០០០ ០០០រៀលផងដែរ៕