(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះគណនី Facebook មានឈ្មោះថា «ផ្សារកម្រង Accessory» ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព BioLife Spirulina គ្មានលេខបញ្ចិកា ពីក្រសួងសុខាភិបាល។

ក្នុងសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា Facebook មានគណនីឈ្មោះ «ផ្សារកម្រង Accessory» កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព BioLife Spirulina គ្មានលេខបញ្ចិកា ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បានលើកឡើងពីទិដ្ឋភាពច្បាប់ថា អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជីកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋមុននឹងទិញផលិតផលឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ជាកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែកទី១៖ ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណឱសថ និងទី២៖ ផ្នែកខាងក្រោមមានលេខទិដ្ឋាការ ឬបញ្ជីកាដូចមានគំភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលផលិតផលបំប៉នសុខភាព BioLife Spirulina តាមគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងឈប់ប្រើប្រាស់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ឆិកាខាងលើជាបន្តទៀត។

បន្ថែមពីនេះ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព BioLite Spirulina គ្មានលេខបញ្ជិកាខាងលើជាបន្ទាន់។

ក្រសួងសុខាភិបាល បានគូសញ្ជាក់យ៉ាងដូច្នេះថា «នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព BioLife Spirulina គ្មានលេខបញ្ឆិកាខាងលើទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន»៕