(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអំពាវនាវទៅដល់បងប្អូនប្រជាជន រស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ពិសេសសង្កាត់ទំនប់ទឹកដោយស្នើយកចិត្តទុកដាក់មើលថែទាំសុខភាពជាចម្បង និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កា និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ឡើងបែបនេះ ខណៈអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយជូនដល់ប្រជាជនទីទ័លក្រ និងជនចាស់ជរាគ្មានទីពឹង ចំនួន៤០គ្រួសារ ដែលពួកគាត់រស់នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

អភិបាលខណ្ឌបឹងកេងកង បានលើកឡើង ក្នុងពិធីចែកអំណោយដោយបានណែនាំដល់បងប្អូនប្រជាជន បើមិនមានការងារចាំបាច់ទេនោះ គួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់តាមការណែនាំពីសំណាក់អាជ្ញាធរសង្កាត់ ខណ្ឌនាសព្វថ្ងៃនេះ និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលឱ្យយើងចេះថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩។ ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខណ្ឌ បន្តទៀតថា ចំពោះអំណោយដែលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅពេលនេះ មានបរិមាណមិនសូវច្រើនក្ដីតែនេះ គឺជាវប្បធម៌ នៃការចែករំលែក ពោលគឺអ្នកមានលទ្ធភាពជួយឧបត្ថម្ភដល់អ្នកគ្មានលទ្ធភាព ក្នុងនោះអាជ្ញាធរខណ្ឌបឹងកេងកង ដោយមិនទុកឲ្យបងប្អូនរស់នៅដោយភាពឯកកោឡើយ ដោយតែងតែមានការគិតគូរជានិច្ច តួយ៉ាងដូចជានៅពេលនេះអ៊ីចឹង គឺមកសាកសួរសុខទុក្ខ និងផ្ដល់អំណោយទុកដោះស្រាយ ជីវភាពប្រចាំថ្ងៃពេលជួបការខ្វះខាត។

ក្នុងឱកាសនោះលោក ធឹម សំអាន បានស្នើដល់បងប្អូនបន្តចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា «៣ការពារ និង ៣កុំ» ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានឲ្យដឹងថា ចំពោះអំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ចំនួន៤០គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបានអង្ករ មី ទឹកត្រី ទឹកសុីអុីវ ប្រេងឆា និងម៉ាសផងដែរ៕