(ស្វាយរៀង)៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជិតចូលមកដល់នាពេលខាងមុខនេះ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ គ្រប់ប្រភេទនៅផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

លោក ផាត សាវុទ្ធ ប្រធានស្ដីទី (កបប) ខេត្តស្វាយរៀង បានឱ្យដឹងថា នៅព្រឹកនេះមន្ត្រីជំនាញ បានពិនិត្យទំនិញបានជាច្រើនមុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលខិតជិតចូលមកដល់ខាងមុខនេះ ក្នុងនោះក៏បានពិនិត្យស្លាដក់ និងទំនិញដែលមានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរ។

លោកបានបញ្ជាក់ថាជាលទ្ធផលយេីង បានរកឃេីញនំ ម៉ាក Choco ចំនួន៧ ប្រអប់ ស្មេីរ២,១គីឡូក្រាម ខូចគុណភាព និងពពុះសណ្តែក មានសារធាតុ Borax ចំនួន៧គីឡូក្រាម ត្រូវបានមន្រ្តីបានដកហូតទុកកម្ទេចចោលតាមនីតិវិធីច្បាប់ បន្ថែមលើសពីនេះ មន្ត្រីជំនាញក៏បានតាមរក ប៊ីចេង សញ្ញារូបវែកក្លែងក្លាយ ដែលក្រុមហ៊ុនបានប្ដឹងកន្លងមក គឺពុំបានឃេីញដាក់លក់នៅលេីទីផ្សារប្រសូត្រនេះទេ។

ជាមួយគ្នានេះ លោក ផាត សាវុទ្ធ បានអំពាវនាវដល់អាជីវករទាំងអស់ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដែលដាក់នៅក្នុងមុខទំនិញ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋទាំងអ្នកទិញ និងអ្នកលក់។

ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ ជាពិសេសពពុះសណ្ដែកមុននឹងទិញយកទៅធ្វើមុខម្ហូបត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវព្រោះវាប៉ះពាល់ដល់សុខភាពខ្លាំងណាស់និងសូមចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី១៩ ដោយអនុវត្តវិធានការ «៣កុំ និង៣ការពារ» បើមិនចាំបាច់កុំចេញក្រៅផ្ទះផងដែរ៕