(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យបង្អែកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានធ្វើតេស្តលើប្រជាពលរដ្ឋចំនួន៣៤២នាក់ ជាលទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧៥នាក់ ស្រី៤៦នាក់ ដែលជាការឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅក្នុងមូលដ្ឋានភូមិត្រពាំងថ្មកណ្តាល ស្រុកភ្នំស្រុក ជាលើកដំបូងនៅតំបន់ដាច់ស្រយោលមួយនេះ។

លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ថា៖ «ការយកសំណាកលើប្រជាពលរដ្ឋអ្នកពាក់ព័ន្ធ ក្នុងភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ នឹងកើនដល់ជាង ៥០០នាក់ ហើយព្រឹក និងរសៀលនេះ នៅបន្តយកសំណាកជាង២០០នាក់ទៀត ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកភ្នំស្រុក និងមណ្ឌលសុខភាព ប៉ោយចារ បានយកសំណាកលើពលរដ្ឋ នៅភូមិត្រពាំងថ្មកណ្តាល ចំនួន៣៤២នាក់ ស្រី១៨៩នាក់ ក្នុងនោះលទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧៥នាក់ ស្រី៤៦នាក់»

លោក ជូ បុត្រ បានបន្តថា «ក្រោយពីលោកបានដឹកនាំក្រុមការងារស្រុកឃុំភូមិ និងលោកគ្រូពេទ្យជួរមុខ ចុះយកសំណាកប្រជាពលរដ្ឋ ហើយបានរាយការណ៍ជូន លោកអភិបាលខេត្តក៏បានបញ្ជាឱ្យបិទខ្ទប់ភូមិត្រពាំងថ្មកណ្តាល ជាបន្ទាន់ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ»

លោកបានបញ្ជាក់អំពីប្រភព នៃការចម្លងជំងឺកូវីដ១៩ ចូលភូមិដែលមានលំនៅដ្ឋានចង្អៀតជាប់ៗគ្នា គឺមានប្រភពចំនួន៥រួមមាន៖

*ទី១៖ ករណីឪពុក ទៅលេងកូននៅខេត្តសៀមរាប
*ទី២៖ ករណីកូនរស់នៅក្រុងប៉ោយប៉ែត មកលេងម្តាយនៅភូមិខាងលើ
*ទី៣៖ ករណីបុគ្គលិកធនាគារ អេស៊ីលីដា ម្នាក់ ក្នុងចំណោម៥នាក់ មកពីស្រុកព្រះនេត្រព្រះ
*ទី៤៖ ករណីបុគ្គលិកទឹកកកអនាម័យ សិប្បកម្ម «សេះហោះ» ពីខេត្តសៀមរាប
*ទី៥៖ ករណីបុគ្គលិក ទឹកកកសេះហោះ និងភ្ញៀវ ព្រមទាំងបុគ្គលិក នៅភោជនីយដ្ឋាន និងខារ៉ាអូខេ «ស្ពាននាគ» នៅស្រុកភ្នំស្រុកផងដែរ៕