(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បើកកិច្ចពិភាក្សាជាមួយភាគីចិន ជួយសម្រួលឱ្យនិស្សិតរបស់ខ្មែរបានវិលត្រឡប់ ទៅសិក្សាផ្ទាល់នៅក្នុងប្រទេសចិនឡើងវិញ បន្ទាប់ពីពួកគេបានវិលត្រឡប់មកកម្ពុជាកាលពីចុងឆ្នាំ២០២០។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសំណើមួយចំនួនពីសំណាក់និស្សិតរបស់កម្ពុជា។ យោងតាមរបាយការណ៍របស់សមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន បានឱ្យដឹងថា និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍សិក្សានៅចិន មានចំនួនប្រមាណ១,៧០៧នាក់ ស្រី ៦៤៧នាក់ ក្នុងនោះសិក្សាថ្នាក់បណ្ឌិត៣៧នាក់ អនុបណ្ឌិត៣២៧នាក់ បរិញ្ញាបត្រ ១,០៨១នាក់ បរិញ្ញាបត្ររង ៨៤នាក់ និងថ្នាក់ភាសា ១៧៨នាក់។

បច្ចុប្បន្ននិស្សិតដែលកំពុងស្នាក់នៅ និងសិក្សាក្នុងប្រទេសចិន មានតែ៥១នាក់ប៉ុណ្ណោះ ដោយឡែកនិស្សិតប្រមាណ១,៦៥៦នាក់ បានវិលចូលមកប្រទេសកម្ពុជា កំលុងពេលវិស្សមកាលកាលពីឆ្នាំ២០២០ ហើយក៏លែងបានត្រឡប់ទៅប្រទេសចិនវិញ ព្រោះតែវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

បើតាមសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានបញ្ជាក់ថា និស្សិតដែលស្នើសុំទៅសិក្សាផ្ទាល់នៅប្រទេសចិន ទាំងនិស្សិតចាស់ និងនិស្សិតទើបជាប់ថ្មីមានចំនួន ១,៨០០នាក់។

និស្សិតដែលមិនបានត្រឡប់ទៅវិញ ក៏ត្រូវបានសាលាតម្រូវឱ្យសិក្សាតាមអនឡាញ។ ការសិក្សាតាមអនឡាញនេះ មាននិស្សិតមួយចំនួន បានត្អូញត្អែពីការលំបាក និងធ្លាក់ចុះនូវគុណភាពអប់រំ។ អាស្រ័យហេតុនេះហើយទើបពួកគេគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ឱ្យពួកគេបានទៅសិក្សានៅប្រទេសចិនវិញ។

តបទៅនឹងសំណើខាងលើនេះ ក្នុងពិធីបើកយុន្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនាព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់ប្រសាសន៍របស់សម្តេចដែលធ្លាប់បានលើកឡើងកាលពីឆ្នាំ២០២០។ កាលណោះសម្តេចបានណែនាំដល់និស្សិតកំពុងសិក្សា នៅប្រទេសចិន ក៏ដូចនៅទីក្រុងវូហាន កន្លែងផ្ទុះជំងឺកូវីដ១៩ដំបូងគេ គឺមិនឱ្យចាកចេញពីប្រទេសចិននោះឡើយ ដោយត្រូវបន្តរួមរស់ និងជម្នះនូវការលំបាក ទាំងឡាយជាមួយចិន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «រឿងនេះតើអស់លោកនៅចាំទេ? ខ្ញុំបានចាប់អារម្មណ៍តាំងពីដើមទីមកម្ល៉េះ។ បានជាខ្ញុំមានការខ្វាយខ្វល់ជាមួយ អនាគតរបស់ពួកគេ ហើយមនុស្សមួយចំនួនមានការតិះទៀនចំពោះខ្ញុំ។ តែឥឡូវបានឃើញការពិតហើយ ពេលនោះខ្ញុំបាននិយាយថា បើសិននិស្សិតយើងរត់ចោលចិន នៅក្នុងដំណាក់កាលនោះ ខ្ញុំបារម្ភក្រែងពិបាកត្រឡប់ទៅរៀននៅប្រទេសចិនវិញ។ អ៊ីចឹងបានជាខ្ញុំទៅកាន់ប្រទេសចិន ម្ខាងដើម្បីសួរសុខទុក្ខ ចូលរួមផ្តល់កម្លាំងចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ម្ខាងទៀត ជាសារមួយបញ្ជាក់កុំឱ្យបងប្អូននិស្សិតខ្មែរចាកចេញពីប្រទេសចិន ក្នុងគ្រាដែលមិត្តចិន មានការលំបាក»

បើទោះបីហាក់មានអារម្មណ៍អន់ចិត្តបន្តិចជាមួយនិស្សិត តែសម្តេចតេជោ ហ៊ុន សែន ក៏មិនបានដាច់ចិត្ត ហើយបិទផ្លូវអន្តរាគមន៍ ដើម្បីឱ្យពួកគេបានទៅសិក្សាដោយផ្ទាល់នៅចិនឡើងវិញនោះឡើយ។ សម្តេចតេជោ ក៏បានណែនាំទៅរដ្ឋមន្ត្រីក្រសួងអប់រំ បើកការចរចាជាមួយភាគីចិន ដើម្បីឱ្យនិស្សិតទាំងនេះ បានត្រឡប់ទៅសិក្សានៅប្រទេសចិនឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «តែយើងត្រូវមានការទទួលខុសត្រូវ ដើម្បីពិភាក្សាជាមួយមិត្តចិនឱ្យនិស្សិតរបស់យើង បានត្រឡប់ទៅរៀននៅប្រទេសចិនវិញ»

ព័ត៌មាននៃកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន បាននាំឱ្យនិស្សិតសម្តែងការរីករាយជាខ្លាំង ហើយបានសន្យាអនុវត្តរាល់វិធានចាំបាច់ទាំងឡាយ ដែលជាការតម្រូវទាំងភាគីកម្ពុជា និងភាគីចិន។

និស្សិតឈ្មោះ ម៉ក់ នីត្យាឧត្តម និស្សិតកំពុងសិក្សាផ្នែកបរិញ្ញាប័ត្រនៅប្រទេសចិន ជំនាញ IT បានប្រាប់ Fresh News យ៉ាងដូច្នេះថា «ខ្ញុំសូមសម្ដែងនូវការត្រកអរជាពន់ពេក និងគោរពដឹងគុណចំពោះសម្ដេចពុក ដែលបានទទួលដោះស្រាយសំណូមពររបស់កូនៗ បានត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ»

និស្សិតរូបនេះបន្តថា «កូនៗជានិស្សិតទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចពុក និងជូនពរសម្ដេចពុកមានសុខភាពល្អ អាយុវែង»

ជាការតបស្នងសងនូវគុណបំណាច់នេះ និស្សិត ម៉ក់ នីត្យាឧត្តម បានសន្យាខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕