(ស្វាយរៀង)៖ រដ្ឋបាលខេត្ដស្វាយរៀង និងក្រុមការងារស្រាវជ្រាវ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានរកឃើញអាជីវករលក់មាសម្នាក់មានវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ស្ថិតនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រុងស្វាយរៀង។

ក្រោយរកឃើញមានការឆ្លងមេរោគបំប្លែងថ្មីខាងលើនេះ រដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័ក តាមដានសុខភាព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល គឺវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន និងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ ដើម្បីស្វែងរកមេរោគកូវីដ១៩។

បន្ថែមពីនេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្ត សូមទំណាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

រដ្ឋបាលខេត្ត បានបន្ថែមថា សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕