(ភ្នំពេញ)៖ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកំណត់ជាគោលការណ៍ថា អ្នកដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដូសទី២ ត្រូវតែឱ្យមានការចាក់ដូសទី៣ តែម្តង លើកលែងតែវ៉ាក់សាំង ដែលតម្រូវឱ្យមានការចាក់តែមួយដូស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចាក់ដូសទី៣ បាន៨០ម៉ឺននាក់ហើយ ប៉ុន្តែដោយសារមានតម្រូវការដូសទី៣នេះ។ តាមគោលការណ៍ ចាក់ដូសទី១ ហើយត្រូវចាក់ដូសទី២ អញ្ចឹងត្រូវចាក់ដូសទី៣ ពោលគឺយកតាមគោលការណ៍នេះតែម្តង ដើម្បីកុំឲ្យពិបាក»

គិតត្រឹមយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៥២៧,០៣៣នាក់ ក្នុងនោះអ្នកបានចាក់ដូសទី២ មានចំនួនជាង ១០លាននាក់ ខណៈអ្នកចាក់ដូសទី៣ មានជាង ៨០ម៉ឺននាក់។

រយៈពេល៤៧ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៧២១,៩២៤នាក់នាក់ផងដែរ។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា កុមារទាំងអស់ដែលត្រូវទទួល វ៉ាក់សាំង គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។ សម្តេចតេជោ ថែមទាំងណែនាំឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សិក្សាលទ្ធភាពការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ ទៅ៦ឆ្នាំទៀតផង។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន ថ្លែងទៀតថា នៅពេលខាងមុខ វ៉ាក់សាំងកូវីដ១៩ នឹងក្លាយជាវ៉ាក់សាំងកាតព្វកិច្ចសម្រាប់មនុស្ស។ សម្តេចតេជោ ក៏បានប្រាប់អ្នកដែលចង់ឱ្យសម្តេចលុបអនុក្រឹត្យកំណត់វ៉ាក់សាំងកូវីដ១៩ ជាវ៉ាក់សាំងកាតព្វកិច្ច ឱ្យទៅស្នើប្រធានាធិបតីបារាំង លុបច្បាប់ដាក់វ៉ាក់សាំងនេះ ជាវ៉ាក់សាំងកាតព្វកិច្ចដូចគ្នា៕