(កែប)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យផ្អាកសកម្មភាពចុះងូតទឹកសមុទ្រ និង​បរិភោគគ្រឿងសមុទ្រ ក្នុងភូមិសាស្ត្រខេត្តកែប ក្រោយពេលផ្ទុះព័ត៌មានទឹកសមុទ្រ ប្រែពណ៌បៃតង។

ការប្រកាសអំពាវនាវនេះ ធ្វើឡើងក្រោយក្រសួងបរិស្ថានពិនិត្យ និងពិសោធន៍ឃើញថា ទឹកសមុទ្រប្រែពណ៌នោះ បណ្តាលមកពីការកើនឡើង នូវកម្រិតជាតិស្លែខុសពីប្រក្រតី ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ។

សូមជម្រាបថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ ទឹកសមុទ្រនៅខេត្តកែប បានប្រែពណ៌ខុសពីធម្មតា ដោយមានពណ៌ទឹកឡើងលឿង ហើយបណ្តាលឱ្យសត្វសមុទ្រមួយចំនួន ដូចជាក្តាម បង្គារជាដើម ងាប់ជាបន្តបន្ទាប់។ ហេតុការណ៍នេះ បានបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួន មានភាពភ្ញាក់ផ្អើល។

ប្រជាពលរដ្ឋទាំងនោះ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ផ្សេងៗ សម្រាប់ភ្ញៀវទេសចរ ក៏ដូចជា អ្នកទៅកម្សាន្តនៅមាត់សមុទ្រខេត្តកែប ដោយសារតែទឹកសមុទ្រមានក្លិនឆ្អាប ហើយរមាស់។ ពួកគេសង្ស័យថា ទឹកសមុទ្រនេះមានសារធាតុមិនល្អ។

ជុំវិញបញ្ហានេះ អាជ្ញាធរខេត្តកែប បានអះអាងថា មន្ត្រីជំនាញបរិស្ថាន និងមន្ត្រីជលផល កំពុងធ្វើការត្រួតពិនិត្យតាមដានលើករណីនេះ យ៉ាងយកចិត្តទុកដាក់។ ប្រភពខាងលើ បាននិយាយថា ការដែលធ្វើឱ្យទឹកសមុទ្រឡើងពណ៌លឿងពេលនេះ អាចមានប្រភពមកពីតំបន់ព្រែកចាកជិតបង្គោលព្រំដែន៣១៤៕