(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចមិនមែនចូលស្តាប់ Zoom របស់ក្រុមប្រឆាំងលើកទី១នោះទេ គឺសម្តេចបានចូលស្តាប់ប្រហែល ២០ដងហើយ ដោយមនុស្សរបស់សម្តេចបានថតឃ្លីបទុកជាង ៥០ផងដែរ ខណៈសម្តេចបញ្ជាក់បញ្ជាក់បន្ថែមថា ការចូលស្តាប់ Zoom នេះដែរ គឺដើម្បីតាមដានក្រុមក្បត់ជាតិ ព្រោះពួកគេមានផែនការប្រជុំរៀបគម្រោងក្បត់ជាតិ។

ការបង្ហើបរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនមែនស្តាប់អា Zoom ហ្នឹង លើកទី១ទេ បើគិតទៅ មិនតិចជាង ២០ដងទេ ដែលខ្ញុំស្តាប់អា Zoom ហ្នឹង គេនិយាយក្នុងហ្នឹង។ ហើយប្រហែលជាមាន លើសពី ៦០ខ្លីប ដែលគេបញ្ជូនមកឲ្យខ្ញុំ។ ប្រជុំចប់ភ្លាម បញ្ជូនមកខ្ញុំភ្លាម»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រជុំរបស់ពួកប្រឆាំង នៅកន្លែងណាក៏មានមនុស្សរបស់សម្តេចបញ្ជូនតំណរភ្ជាប់ (Link) និងលេខសម្ងាត់ (Code) មកឱ្យសម្តេចដែរ។ ការចូល Zoom នេះ មិនមែនជាការរំលោភសិទ្ធិឯកជននោះទេ ប៉ុន្តែដោយសារពួកប្រឆាំង កំពុងតែពិភាក្សាអំពីការពង្រឹងកងកម្លាំង ដែលជាអំពើក្បត់ជាតិ។ ការចូលរបស់សម្តេចគឺមាន Link និង Code ត្រឹមត្រូវ ពោលគឺមិនមែនជាការ Hack នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមប្រឆាំងថា «តើចង់ឱ្យសម្តេចបញ្ចេញវីដេអូ ប្រជុំរបស់អ្នកឯងដែលនិយាយអំពីការរៀបចំកងកម្លាំង ឬយ៉ាងណា»?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា វត្តមានរបស់សម្តេច នៅក្នុងកិច្ចប្រជុំតាម Zoom របស់ក្រុមប្រឆាំងដែលដឹកនាំដោយ លោក ឡុង រី គឺជាការបង្ហាញប្រាប់ក្រុមនេះថា «សម្តេចនៅរស់ទេ» មិនមែនស្លាប់ដូចការបំភ្លៃរបស់ពួកគេឡើយ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ៗទៅក្រុមឧទ្ទាមថា ការចូលទៅប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន មិនមែនជាការផ្តល់សញ្ញាសម្រាប់ការចចារឲ្យនោះទេ សូមកុំយល់ខុសឲ្យសោះ ប៉ុន្តែគឺជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្តេចពិតជាបានចូលប្រជុំតាម Zoom មែន ហើយពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចរចានោះទេ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់គុក២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស។

ការឆ្លើយតបច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង ក្រោយពីក្រុមឧទ្ទាមក្រៅច្បាប់បានវិភាគលើកខ្លួនឯងថា សម្តេចមានបំណងចង់ចរចាជាមួយក្រុមពួកឧទ្ទាម ទើបចូលទៅក្នុងតាម Zoom បែបនេះ៕