(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ពីការអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹងដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្រសួងបានបញ្ជាក់ទៀតថា ម្ចាស់ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិតក្នុងការរៀបចំ ឬផ្លាស់ប្តូរការឈប់សម្រាកនេះ នៅពេលណា មួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។

ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់ សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយ នាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រសហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្ដូរគ្នា ហើយរក្សាទុកបញ្ជីបែងចែកនោះ ជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

កម្មករនិយោជិតដែលឈប់សម្រាកត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការការពារ ការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងវិធានសុខាភិបាលជាធរមាននានា៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖