(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជៀបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើង តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួម ពីបណ្តាសហគ្រាសធុនតូច និងធម្យម គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង សហគ្រិនប្រមាណជាង ២៦០នាក់ រួមទាំងមានការផ្សាយបន្តផ្ទាល់ តាមរយៈផេកហ្វេសបុកផ្លូវការ របស់សមាគមទាំងបីផងដែរ។

អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាក់ទងនឹងការបណ្តុះបណ្តាល ការរៀបចំព្រឹត្តិការណ៍ និងការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-Tech) សេវាឥណទានប្រកបដោយបរិយាបន្ន និង ការកសាងបណ្តាញទំនាក់ទំនងក្នុងចំណោមសហគ្រិនវ័យក្មេងកម្ពុជា និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ក៏មានអមផងដែរនូវវេទិកាពិភាក្សាពិសេស ស្តីពី «មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩»
កិច្ចពិភាក្សានេះ បានផ្តោតលើវិធីសាស្ត្រ និងឥរិយាបថ ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានប្រតិបត្តិ ដើម្បីឆ្លើយតបនិងជួយគាំទ្រ ដល់សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យម ដែលរង ផលប៉ះពាល់ដោយជំងឺកូវីដ១៩។

បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានថ្លែងថា តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងអស់នឹងរួមគ្នាបន្តពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឲ្យកាន់តែរឹងមាំជូនដល់សាធារណជន សហគ្រិន និងបណ្តាសហគ្រាសធុនតូច និងមធ្យមផ្សេងទៀត។

លោកបណ្ឌិតបានឲ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី បានឆ្លុះបញ្ចាំងទៅនឹង យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និង បញ្ជៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅកាន់សហគ្រិន អាជីវកម្មខ្នាតតូច និងមធ្យម កសិករ និង សហគ្រិនវ័យក្មេង។ បន្ថែមលើនេះ វានឹងក្លាយជាវេទិកា ដើម្បីឲ្យអ្នកជំនាញខាងវិស័យធនាគារនិងហិរញ្ញវត្ថុ និងសហគ្រិន ក៏ដូចជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា។

លោកបន្តថា «សហគ្រាសធុនតូច និង មធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដោយហេតុថាសហគ្រាសធុនទាំងនោះ បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) ព្រមទាំងបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាផងដែរ ដូច្នេះហើយនាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យម (SME Banks of Cambodia Plc.) បានដាក់ឲ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យមជំហានទី២ ឆ្នាំ២០២១ ដែលមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ចំនួន២៦ គ្រឹះស្ថាន ដែលមានប្រភពទុនប្រមាណជាង១៦០លានដុល្លារអាមេរិក ដើម្បីចូលរួមគាំទ្រសហគ្រាសធុនតូច និង មធ្យមក្នុងការទទួលបានហិរញ្ញប្បទានមានលក្ខណៈងាយស្រួល និង មានភាពបត់បែន រួមទាំងផ្តល់នូវអត្រាការប្រាក់សមរម្យ ដើម្បីបង្កើននូវពិពិធកម្មសេដ្ឋកិច្ច (Financial Diversification)»

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងឲ្យដឹងដែរថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការវិវត្ត នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការគាំពារបន្ថែមដល់សហគ្រិននៅកម្ពុជា ពិសេសសហគ្រិនវ័យក្មេង ដោយចូលរួមលើកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ប្រកប ដោយការទទួលខុសត្រូវ។

លោកបានបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការនៃសមាគមទាំងបី នឹងក្លាយជាវេទិកាដ៏សំខាន់រវាងអ្នកជំនាញហិរញ្ញវត្ថុ និងសហគ្រិនវ័យក្មេងក្នុងការសិក្សាស្វែងរក បង្កើត សាកល្បង ក៏ដូចជាអនុវត្ត នូវដំណោះស្រាយថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជា»

លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរំលេចដែរថា ការលំបាកនៃការទទួលបានឥណទាន តែងតែត្រូវបានលើកឡើងដោយសមាជិក នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាពិសេសបណ្តាសហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយសារបញ្ហា នៃការទទួលបានហិរញ្ញប្បទានពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ បានរារាំងកំណើននៃការរីកចម្រើននៃសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា ក្នុងនោះ បញ្ហាដែលលំបាកសម្រាប់ទទួលបានហិរញ្ញប្បទាន គឺការកង្វះខាតទ្រព្យបញ្ចាំ អត្រាការប្រាក់ខ្ពស់ កង្វះខាតនៃរបាយការណ៍ហិរញ្ញវត្ថុ និងកង្វះខាតព័ត៌មានទូទៅទៅលើប្រភពនៃហិរញ្ញប្បទានបំណុល (Debt Financing)។ លោកបន្តទៀតថា ការទទួលបានហិរញ្ញប្បទានប្រកបដោយសមធម៌ គឺជាអាទិភាពទី១ នៃយុទ្ធសាស្រ្តឆ្នាំ២០២៥ បន្ថែមលើអាទិភាព៥ផ្សេងទៀត របស់សហគ្រិនវ័យក្មេងកម្ពុជា។

លោកក៏បញ្ជាក់ផងដែរថា «ផ្អែកតាមបទពិសោធន៍របស់យើង ដែលធ្វើការជាមួយនឹងសហគ្រាសធុនតូច និងមធ្យម ទៅលើការទទួលបានហិរញ្ញវត្ថុ យើងបានរកឃើញថា ទ្រព្យបញ្ចាំគឺតែងតែជាកត្តាចម្បង ចំពោះការសម្រេចចិត្តលើការផ្តល់ឥណទាន ប៉ុន្តែការដែលមានចំណេះដឹង និងឯកសារគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុក៏សំខាន់ដូចគ្នាដែរ»

លោកសុបញ្ញាបន្តថា «កិច្ចព្រមព្រៀងនៅពេលនេះ គឺជាប្រវត្តិសាស្រ្តដ៏សំខាន់មួយ នៅក្នុងភាពជាដៃគូរបស់យើង និងបង្កើតជាយុទ្ធសាស្រ្តចម្បងៗ នៅក្នុងវិស័យនៃកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី ទៅលើការបណ្តុះបណ្តាល រៀបចំសិក្ខាសាលា ព្រឹត្តការណ៍ និងវាគ្មិនសម្រាប់កម្មវិធី កិច្ចពិភាក្សាលើបណ្តាញឌីជីថល ព្រមទាំងការទទួលបាននូវហិរញ្ញប្បទានក្នុងចំណោមសហគ្រិនវ័យក្មេងកម្ពុជា»

លោកបន្ថែមថា «យើងនឹងរួមគ្នាផងដែរ លើបញ្ហាសមភាពយេនឌ័រ ហិរញ្ញវត្ថុប្រកបដោយចីរភាព អាជីវកម្មប្រកបដោយទំនួលខុសត្រូវសង្គម ការលើកកម្ពស់ចំណេះដឹង ការយល់ដឹងនៃចំណេះដឹងហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព»