(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតមួយច្បាប់ជំរាបជូនប្រធានសាលាដំបូង និង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស ក្នុងគោលបំណងដើម្បីចាត់តាំងអ្នកនាំពាក្យតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់។

លោករដ្ឋមន្រ្តីបានបញ្ជាក់នៅក្នុងលិខិតថា៖ ដោយហេតុថា វិស័យយុត្តិធម៌បច្ចុប្បន្ននេះជាវិស័យដែលមានការចាប់អារម្មណ៍ពីសំណាក់សាធារណជន និងបណ្តាញសារព័ត៌មានដែលទាមទារឲ្យមានការផ្តល់ព័ត៌មានឆ្លើយតបឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជៀសវាងការភាន់ច្រឡំនានា។ ហេតុនេះក្រសួងយុត្តិធម៌ សូមស្នើចាត់តាំងអ្នកនំាពាក្យដូចខាងក្រោម៖

១៖ ប្រធាន ឬអនុប្រធានលេខាធិការដ្ឋបាល១រូប ជាអ្នកនាំពាក្យរបស់សាលាដំបូងរាជធានី-ខេត្ត។
២៖ ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង១រូប ជាអ្នកនាំពាក្យឲ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ-ខេត្ត។

អាស្រ័យដូច្នេះ សូមលោក លោកស្រី ទទួលចាត់ចែងឲ្យបានឆាប់រហ័ស និងព្រមទាំងផ្តល់ឈ្មោះ និងលេខទូរស័ព្ទ ដែលត្រូវបានចាត់តាំងជាអ្នកនាំពាក្យមកក្រសួងយុត្តិធម៌ ដែលមានលោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ទទួលបន្ទុកកិច្ចការនេះ។