(​សេ​អ៊ូ​ល​)៖ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង អះអាងថា កូរ៉េ​ខាងជើង​បាន​ប្រើប្រាស់​សញ្ញា​រំខាន ដើម្បី​វាយប្រហារ​ដល់​ប្រព័ន្ធ GPS របស់​កូរ៉េ​ខាងត្បូង រហូត​ដល់​រសៀល​ថ្ងៃ​សុក្រ​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង លោក Moon Sang-Gyun បាន​លើកឡើង​ទៀត​ថា ការប្រព្រឹត្ត​របស់​កូរ៉េខាងជើង​នា​ប៉ុន្មាន​ម៉ោង​មុននេះ គឺជា​ចេតនា​មួយ​ដែល​ទីក្រុង​ព្យុងយ៉ាង ចង់​បង្ក​អស្ថិរភាព​នៅ​តំបន់​ឧបទ្វីប​កូរ៉េ តាមរយៈ​ការបង្ហាញ​សមត្ថភាព​រំខាន និង​រារាំង​ដល់​ប្រព័ន្ធ GPS របស់​ប្រទេស​កូរ៉េខាងត្បូង​។​

​គួរបញ្ជាក់​ថា ការបង្អាក់​ប្រព័ន្ធ GPS ពី​សំណាក់​កូរ៉េខាងជើង​នេះ បាន​ធ្វើ​ឡើង​តាំងពី​យប់​ថ្ងៃ​ព្រហស្បតិ៍​មកម្ល៉េះ ដោយ​ក្នុង​នោះ​តំបន់​ព្រំដែន​គ្មាន​យោធា​រវាង​ប្រទេស​ទាំងពី (MDL) បាន​ទទួល​រង​ការ​វាយ ដោយ​រលកសញ្ញា​។ កូរ៉េខាងត្បូង​បាន​ព្រមាន​ថា ប្រសិន​នាវា ឬ​យន្តហោះ​របស់​កូរ៉េខាងត្បូង​ណាមួយ ទទួល​រងគ្រោះ​ដោយសារ​ទង្វើ​កូរ៉េខាងជើង នោះ​ទីក្រុង​សេ​អ៊ូ​ល នឹង​មិន​អត់ឱន ឲ្យ​ទីក្រុង​ព្យុង​យ៉ាង​នោះ​ឡើយ​៕​