(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានប្រកាសមិនអនុញ្ញាតិឲ្យក្រុមយុវជនស្ម័គ្រចិត្តបញ្ជា និង សម្រួលចរាចរណ៍បន្ដទៀតនោះទេ កុំឲ្យប៉ះពាល់ដល់ការងាររបស់នគរបាលចរាចរណ៍។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានចេញផ្សាយនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធការងារប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ឆ្នាំ២០១៥ និង លើកទិសដៅឆ្នាំ២០១៦ របស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ម្សិលមិញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការចូលរួមចំណែកសម្រួលចរាចរណ៍ ពីក្រុមយុវជនស្ម័គ្រចិត្តនេះ គឺជារឿងមួយ ដ៏ល្អប្រសើរ ប៉ុន្តែបើការងារនេះធ្វើដោយគ្មានកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ច អាចនាំឲ្យមានថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នេះ «សម្រាប់ក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមធ្វើការងារនេះ វាជារឿងល្អប្រសើរ ប៉ុន្តែក្នុងនាមជាអាជ្ញាធរ មិនអាចឲ្យធ្វើជាប់ជាប្រចាំបានទេ ហើយបើការងារនេះ ធ្វើដោយគ្មានកិច្ចសហការជាមួយ កងកម្លាំងមានសមត្ថកិច្ច គឺធ្វើឲ្យប៉ះពាល់ច្រើន ដែលអាចនឹងលើសពីករណីយកិច្ចរបស់នគរបាល អាចនាំឲ្យមានភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ហើយបើនិយាយបញ្ហាច្បាប់វិញ គឺបញ្ហាចរាចរណ៍នៅតាមដងផ្លូវ គឺវាពិតជាគ្មាននរណា ជំនួសកងកម្លាំងនគរបាលចរាចរណ៍បានទេ»

ការហាមប្រាបរបស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើង បន្ទាប់ពីគេសង្កេតឃើញមានអ្នកស្ម័គ្រចិត្តមួយក្រុម ដែលដាក់ឈ្មោះថា «សារព័ត៌មានកម្លាំងមនុស្សធម៌» តែងបានចេញធ្វើសកម្មភាពសម្រួលចរាចរណ៍ជារៀងរាល់ថ្ងៃនៅតាមបណ្តាវិថីនានា ដែលមានការកកស្ទះចរាចរណ៍ខ្លាំង។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា សកម្មភាពរបស់អ្នកស្ម័គ្រចិត្តនេះ ខុសពីសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធតាមសាលាមួយចំនួនទៀត ដែលពួកគេធ្វើការងារត្រឹមតែចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ប៉ុណ្ណោះ ហើយមិនបានចូលរួមជ្រៅ ទៅលើការងារបញ្ជាចរាចរណ៍នោះទេ។

បើតាមលោក ប៉ា សុជាតិវង្ស ដើម្បីសម្រួលចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលតែងតែជួបការកកស្ទះនោះ នៅឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងដាក់ស្លាកបញ្ជាចរាចរណ៍ជាង ៥០០ស្លាក ប្តូរភ្លើងអគ្គិសនីមកដាក់អំពូល LED បំភ្លឺចរាចរណ៍ពេលយប់ ហើយក៏ផ្លាស់ប្ដូររបាំងចែកទ្រូងផ្លូវទាំងអស់ ពីរបាដែក ទៅដាក់របាថ្មបេតុងផងដែរ៕