(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមការងារប្រចាំការដឹកនាំ អភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងការជួយប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ។

ក្នុងឱកាសនោះ លោកអភិបាលបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ គឺជន់ហូរទាំងស្រុងមកពីតំបន់ខាងលើ ហើយលោកបានដាស់តឿនដល់សមត្ថកិច្ច និងកងកម្លាំងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ទោះបីទឹកនេះជាជំនន់រយៈពេលខ្លីយ៉ាងណាក៏ដោយ ពិសេស គឺការជួយជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពឱ្យទាន់ពេលវេលា។

លោក ប៉ាន់ខែម ប៊ុនថន បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត, លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥, ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន, ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត, មន្ទីរធនធានទឹកខេត្ត, ក្រុមការងារអន្តរវិស័យសាលាខេត្ត, ឧត្តមសេនីយ៍ សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, គណៈបញ្ជាការឯកភាពស្រុកម៉ាឡៃ, និងកងកម្លាំងរួមមាន កម្លាំងអធិការស្រុកម៉ាឡៃ, កម្លាំងយោធភូមិភាគទី៥, កម្លាំងអាវុធហត្ថស្រុកម៉ាឡៃ, កម្លាំងវរៈការពារព្រំដែនគោក៨១៥, កម្លាំងសឹករងស្រុកម៉ាឡៃ, ព្រមទាំងកម្លាំងប្រជាការពារ និងក្រុមការងារប្រចាំការ ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងប្រតិបត្តិការសង់រោងស្នាក់បណ្តោះអាសន្ន លើទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ សកម្មភាពល្បាតត្រួតពិនិត្យគ្រប់គ្រងស្ថានភាពទឹកជំនន់ពេញមួយយប់ទល់ភ្លឺ សកម្មភាពរំដោះទឹកជំនន់ចេញពីតំបន់អភិវឌ្ឍន៍ និងការជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា និងមានសុវត្ថិភាព។

 លោក ប៉ាន់ខែម ប៊ុនថន បានបន្ថែមទៀតថា គិតមកដល់ព្រឹកនេះ គឺយើងអាចគ្រប់គ្រងស្ថានការណ៍ទឹកជំនន់នេះបានទាំងស្រុង ហើយគ្មានប្រជាពលរដ្ឋណាម្នាក់ ទទួលរងគ្រោះថ្នាក់ដោយសារគ្រោះទឹកជំនន់នេះឡើយ។ ដោយឡែកទោះបីជាជួយគ្រោះទឹកជំនន់ រយៈពេលខ្លីនេះក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋលោកមិនសូវបារម្ភនោះឡើយ គឺពួកគាត់បានសម្តែងនូវអារម្មណ៍កក់ក្តៅក្រៃលែង ដោយបានឃើញក្រុមការងារចុះមកជួយយ៉ាងសស្រាក់សស្រាំ និងទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់នៅរងារឡើយ៕