(សៀមរាប)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការនគរបាលថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ នេះបើតាមការសេចក្តីប្រកាសតែងតាំងរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ស្នងការរង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប»។

មន្រ្តីនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ពិធីតែងតាំងស្នងការនគរបាលថ្មីខេត្តសៀមរាបនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងសម្តេចក្រឡាហោម ស ខេង។

សូមបញ្ជាក់ថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនចរាចរណ៍ ហើយលោកត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង៕