(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងប្រជាពលរដ្ឋជួបការលំបាកកំពុងធ្វើចត្តាឡីស័ក ចំនួន ១១០គ្រួសារ និងសមាជិកក្រុមប្រឹក្សា៣៩រូប ស្ថិតក្នុង ឃុំដូនស ឃុំស្វាយយា ឃុំអង្គតាសូ និងឃុំស្វាយអង្គ ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងពិធីនោះ លោកស្រីក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ដោយមិនដែលទុកចោល ឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកស្រី ម៉ែន សំអន ក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នា ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃ ឲ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋចំនួន១១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ ត្រីខ១យួរ, អំបិល១គីឡូក្រាម, ប៊ីចេងកន្លះគីឡូក្រាម, អាល់កុល១ដប, ទឹកត្រី ២ដប, ស្ករស១គីឡូក្រាម, ម៉ាស់១ប្រអប់, អង្ករ២៥គីឡូក្រាម, មី១កេសតូច, អាវកូនក្មេង១ និងថវិកា៥ម៉ឺនរៀល។ ចំណែក៤ឃុំ ក្នុងមួយឃុំទទួលបាន អង្ករ ២០០គីឡូក្រាម, មី១០កេសតូច, ត្រីខ១០០កំប៉ុង, អាល់កុល១កាន, ម៉ាស់១០ប្រអប់, ទឹកត្រី៣០ដប, ទីកស៊ីអ៊ីវ៣០ដប និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការ សរុប៣៩រូប ទទួលបានថវិកា៨ម៉ឺនរៀល៕