(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាកម្លាំងអន្តរាគមន៍ មធ្យោបាយ សម្ភារៈ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋ នៅឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅតាមបន្ទាត់ព្រំដែនដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ផងដែរថា ដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នាតាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួននៅតាមបន្ទាត់ព្រំដែនជន់លិចដល់ផ្ទះសម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋ ។

ក្នុងនោះដែលយោងតាមបទបញ្ជា ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគទី៥ កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមអន្តរាគមន៍នៅក្នុងទីតាំង ក៏បានត្រៀមលក្ខណៈប្រុងប្រៀបរួចជាស្រាចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ ក៏កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺបានត្រៀម២៤ លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលា៕