(ភ្នំពេញ)៖ ទីតាំងផ្សារមួយចំនួន ពិសេសផ្សារគីឡូម៉ែត្រលេខ៩ (យឿត្រី) និងតាមបណ្ដារផ្លូវធំៗផ្សេងទៀត ក្នុងខណ្ឌឫស្សីកែវ ដែលតែងតែមានក្រុមអាជីវករយកចិញ្ចើមផ្លូវមកធ្វើអាជីវកម្មផ្ទាល់ខ្លួន បណ្ដាលឱ្យបាត់បង់របៀបរៀបរយ និងបាត់បង់សោភ័ណ្ឌភាពទីក្រុង និងការកកស្ទះចរាចរជាដើម ពេលនេះគេសង្កេតឃើញថា ចាប់ផ្ដើមមានរបៀបរៀបរយ និងមានសោភ័ណ្ឌភាពឡើងវិញ ជាបណ្ដើរៗហើយ បន្ទាប់ពីមានការណែនាំក្ដៅៗ ដោយចុះព្រមានចាប់ដកហូតរាល់សម្ភារលក់ដូរលើចិញ្ចើមផ្លូវទាំងឡាយ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតឫបាត់បង់ ពីកម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ។

ការបន្តប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងរបៀបរៀបរយសង្គមនេះ ស្ថិតក្រោមការណែនាំដោយលោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ និងដឹកនាំផ្ទាល់ដោយអស់លោក-លោកស្រីអភិបាលរងខណ្ឌ និងប្រធាន អនុប្រធានការិយាល័យជុំនាញ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលបានអនុវត្តឡើង ស្ថិតនៅតាមទីតាំងផ្សារ ពិសេសផ្សារគីឡូម៉ែត្រលេខ៩ (យឿត្រី) និងតាមបណ្ដោយផ្លូវធំៗ ដូចជាផ្លូវជាតិលេខ៥ ផ្លូវលេខ៥៩៨ និងផ្លូវ៣០ម៉ែត្រ ទូទាំងសង្កាត់ចំនួន៧ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះវិធានការក្ដៅរបស់កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ ក្រៅពីអនុវត្តរាល់ចំណុចសំខាន់ៗខាងលើ ក្រោមការដឹកនាំដោយលោក ឯក ឃុនដឿន នៅតែបន្តអនុវត្តជានិច្ចនៅតាមគោលដៅសំខាន់ៗ មួយចំនួនទៀត ដូចជាត្រង់ចំណុចបរិវេណផ្សារសាំហាន់ ផ្សារងិនអាន ក្នុងសង្កាត់ទួលសង្កែទី១ និងផ្សារឯករាជ្យ តាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវ ជា សុផារ៉ា) ក្នុងសង្កាត់ទួលសង្កែទី២ ដើម្បីឱ្យមានប្រសិទ្ធភាព សំដៅពង្រឹង និងពង្រីកវិសាលភាព នៃការអនុវត្តច្បាប់ ស្ដីពីផ្លូវថ្នល់ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការគ្រប់គ្រង និងលិខិតបទដ្ឋានគតិយុត្តនានា ឈានទៅរក្សាបានសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមតាមដងផ្លូវ ដែលអាចជួយសម្រួលលំហូរចរាចរណ៍ ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង តាមការសម្រេច និងសេចក្ដីណែនាំយ៉ាងម៉ឺងម៉ាត់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕