(ប៉ៃលិន)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពរួមគ្នា ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ប្រជាពលរដ្ឋអាយុ១៨ឆ្នាំ ជុំទី១ នៅខេត្តប៉ៃលិន។

ថ្លែងក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន អាយុ១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ៤២,០៥៣ ស្មើនឹង១០២,៥៧%, កុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៨,៦១៣នាក់ ស្មើនឹង ៨៦,០៥%។

ក្នុងពិធីប្រកាសបិទយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនអាយុ១៨ឆ្នាំ ឡើងទៅក្នុងខេត្តប៉ៃលិននោះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការបង្កើតឲ្យមាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រក្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០%ហើយនៅទូទាំងប្រទេស ដែលនេះបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្រីរដ្ឋលេខាធិការ ក៏បានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាលខេត្តប៉ៃលិន លើយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំងយុទ្ធនាការចាក់វ៉ាក់សាំង ដែលឈានដល់ការបិទបញ្ចប់ជុំទី១ ដោយជោគជ័យ។

លោកស្រី បានបន្តថា ការបិទយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែកកុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គឺនៅបន្តចាក់ជាធម្មតា។ លោកស្រី ក៏បានណែនាំឲ្យរដ្ឋបាលខេត្ត រក្សាវ៉ាក់សាំងមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ពីសេសពលករដែលមកពីប្រទេសថៃ ដើម្បីឲ្យពួកគាត់មានឱកាសទទួលបាន វ៉ាក់សាំងសម្រាប់ជាកងការពារខ្លួន ក្នុងនោះដែរ៕