(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ, បង្ខាំងមនុស្សដោយចេតនាទុច្ចរិត ក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន, កាន់កាប់អាវុធ ដោយខុសច្បាប់ និងរំលោភសេពសន្ថវៈទៅលើកូនស្រីចុង ដោយគំរាមកំហែងថានឹងសម្លាប់។

លើសពីនេះទៅទៀត ជនសង្ស័យរូបនេះ ក៏ជាបុគ្គលដែលល្បីសំបូររឿងក្តី មិនចេះចប់ ក្នុងរយៈកាលកន្លងមក ទាំងនៅតាមបណ្តាខេត្តនិងរាជធានី។

ជនសង្ស័យឈ្មោះ ឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើត ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បានចាប់ដៃគ្នាជាប្តីប្រពន្ធ ជាមួយស្រ្តីម្នាក់មេម៉ាយកូន០៥ កាលពីចុងឆ្នាំ២០១១ លុះដល់ចុងឆ្នាំ២០១៩ ជនសង្ស័យបានដាក់ពាក្យបណ្តឹងនៅតុលាការ ដើម្បីសុំលែងលះប្រពន្ធ និងចែកទ្រព្យសម្បត្តិគ្នា ប៉ុន្តែជនសង្ស័យបែរជាប្រាប់ប្រពន្ធថ ខ្លួនបានដាក់បណ្តឹងព្រហ្មទណ្ឌឱ្យតុលាការចាប់ប្រពន្ធដាក់គុក បើប្រពន្ធចង់រួចបណ្តឹងត្រូវធ្វើកិច្ចព្រមព្រៀងលែងលះគ្នាដោយស្ម័គ្រចិត្ត ចែកទ្រព្យសម្បត្តិគ្នាពាក់កណ្តាល រួមមានដីធ្លីនៅអង្គស្នួល០២កន្លែង និងផ្ទះនៅអូរបែកក្អម០១កន្លែង ព្រមទាំងត្រូវសងលុយឱ្យជនសង្ស័យ ១៨ម៉ឺនដុល្លារ នៅពេលណាដែលលក់ដីដែលជាទ្រព្យផ្ទាល់របស់ប្រពន្ធ នៅឯខេត្តសៀមរាបដាច់។

ស្រាប់តែពេលប្រពន្ធចូលដល់តុលាការ ទើបដឹងថាប្តីខ្លួនប្តឹងលែងលះទៅវិញ ពុំមែនប្តឹងរឿងព្រហ្មទណ្ឌដើម្បីចាប់ខ្លួនដាក់គុកដូចការគម្រាមរបស់ប្តីឡើយ ដូច្នេះ ប្រពន្ធក៏មិនព្រមយកកិច្ចព្រមព្រៀងបែងចែកទ្រព្យ និងសងលុយឱ្យជនសង្ស័យនោះ ប្រគល់ទៅឱ្យតុលាការទេ ក្រោយមកជនសង្ស័យដែលជាប្ដី បានហៅប្រពន្ធមកគំរាម ដោយដាក់កាំភ្លើងលើតុហើយគំរាមថាបើមិនយកកិច្ចព្រមព្រៀងនេះទៅដាក់ឱ្យតុលាការទេប្រយ័ត្ន កូនកំព្រាអត់ម្ដាយ។

តែដោយពួកខ្លួនរស់នៅជាមួយគ្នា ពុំមានអេតាស៊ីវិល តុលាការបានលើកចោលការទាមទារសុំឈប់រស់នៅជាអនីតិសង្វាស របស់ដើមចោទ តែឱ្យអនុវត្តកិច្ចព្រមព្រៀងដែលប្តីបានបង្ខំឱ្យប្រពន្ធធ្វើមុនចូលតុលាការទៅវិញ។

នៅខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានសុំប្រពន្ធត្រូវរូវគ្នាវិញ និងបានចុះអេតាស៊ីវិល ជាមួយគ្នាដើម្បីបញ្ជាក់ចិត្តស្មោះ។ លុះនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យបានបង្ខំឱ្យប្រពន្ធរកលុយមកឱ្យខ្លួន១៨ម៉ឺនដុល្លារ តាមកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយគ្នា មុនពេលចុះអេតាស៊ីវិល តែប្រពន្ធមិនព្រមឱ្យលុយនោះ ក៏បង្កជាជម្លោះឈានទៅដល់ការប្រើហិង្សា ហើយជនសង្ស័យ ក៏បានដេញប្រពន្ធចេញពីផ្ទះ ប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចទទួលបានការសុំអន្តរាគមន៍ពីដើមបណ្តឹងបន្ថែមថា កូនរបស់គាត់០២នាក់ ត្រូវបាជនសង្ស័យបង្ខាំងទុកក្នុងផ្ទះ សូមឱ្យសមត្ថកិច្ចជួយរំដោះកូនគាត់ផង។

មន្ត្រីជំនាញនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះអនុវត្តជាក់ស្តែង នៅចំណុចផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញថា ជនសង្ស័យពិតជាចាក់សោរបង្ខាំងមនុស្ស០២នាក់ខុសច្បាប់ ដែលត្រូវជាកូនចុងរបស់ ជនសង្ស័យ (ក្នុងនោះមានអនិតិជនម្នាក់) ពិតមែន ហើយជនសង្ស័យបានគេចខ្លួន ពេលបានឃើញកម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចព្រមទាំងអាជ្ញាធរភូមិ បានធ្វើការអន្តរាគមន៍កាត់សោផ្ទះ រំដោះកូនទាំងពីរនាក់នោះមកវិញ។

ក្រោយពេលមន្ត្រីជំនាញ តាមរកជនសង្ស័យឃើញនាព្រលប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ក៏បានហៅជនសង្ស័យ មកកាន់ការិយាល័យដើម្បីបំភ្លឺ ស្រាប់តែកូនស្រីចុងរបស់ជនសង្ស័យ បានបង្ហើបថានាងក៏ជាជនរងគ្រោះ ធ្លាប់ត្រូវបានជនសង្ស័យដែលជាឪពុកចុង ចាប់រំលោភផងដែរតែនាងមិនហ៊ានប្រាប់អ្នកណាទេ ព្រោះជនសង្ស័យបានគម្រាមថានឹងសម្លាប់ចោល ម្យ៉ាងជនសង្ស័យធ្លាប់មានប្រវត្តិជាប់គុក០៦ឆ្នាំ ព្រោះសម្លាប់មនុស្សពីមុនមក និងតែងតែបង្ក អំពើហិង្សាក្នុងគ្រួសារ ជារឿយៗ ព្រមទាំងមានកាំភ្លើងខ្លីមួយដើមទៀត ហើយសមត្ថកិច្ចក៏បានដកហូត កាំភ្លើងហ្គាសបាញ់គ្រាប់កង់ ០១ដើមពីផ្ទះជនសង្ស័យផងដែរ។

រឹតតែភ្ញាក់ផ្អើលទៅទៀតនោះ ជនសង្ស័យ ឡេង ប៊ុនស្រ៊ី នេះ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើននៅតាមខេត្តទៀតផង៕