(ឆ្លូង-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងកោតសរសើរចំពោះកិច្ចសហការល្អរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាមួយមន្ទីរ ការិយាល័យផ្នែកអប់រំ និងប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការបង្កលក្ខណៈដល់ដំណើរការបើកថ្នាក់រៀនឡើងវិញនៅតាមសាលារៀនគ្រប់កំរិតក្នុងខេត្តក្រចេះ។

ការថ្លែងមតិខាងលើនេះរបស់លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងពិធីបើកបវេសនកាលឡើងវិញនៅសាលាបឋមសិក្សាក្រូច ស្ថិតក្នុងភូមិក្រូច ឃុំដំរីផុង ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សប្រមាណជាង ២០០នាក់។

កុមារា កុមារី យុវវ័យសិស្សសាលា និងមាតាបិតាជាអាណាព្យាបាល មានក្តីសោមនស្សរីករាយជាពន្លឹក ហើយបានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានដឹកនាំការប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងបានស្ថានភាពជម្ងឺកូវីដ-១៩ ផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋទាំងអស់បានវិលត្រឡប់មកបន្តការសិក្សាឡើងវិញ ដើម្បីបង្កលក្ខណៈល្អប្រសើរសំរាប់ការអភិវឌ្ឍអនាគតយុវវ័យកម្ពុជា។

បន្ទាប់ពីការចូលរួមកម្មវិធីបើកសាលារៀនឡើងវិញរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ និងសហការី ដែលអមដំណើរដោយលោកអភិបាលខេត្ត អភិបាលស្រុក លោក លោកស្រីអនុប្រធានក្រុមការងារស្រុក ប្រធានក្រុមការងារឃុំ បានចុះទៅភូមិវាលកន្សែង ឃុំកំពង់ដំរី ដើម្បីជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមេឃុំ មេភូមិ អនុប្រធាន និងសមាជិកភូមិទាំងអស់ក្នុងឃុំដំរីផុង និងឃុំកំពង់ដំរី ព្រមទាំងមន្ត្រីមូលដ្ឋានមួយចំនួន សរុបមានអ្នកចូលរួមប្រមាណជាង ១០០នាក់។

កិច្ចប្រជុំដែលបានធ្វើឡើងក្នុងបរិវេណវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង បានពិភាក្សាពីបច្ចុប្បន្នភាពនៃស្ថានភាពទូទៅក្នុងមូលដ្ឋាន ពិសេសជីវភាពរស់នៅរបស់ប្រជាជនក្នុងបរិបទកូវីដ-១៩។

ថ្លែងមតិសំណេះសំណាលក្នុងឱកាសនោះ លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានសង្កត់ធ្ងន់ពីភារកិច្ចស្នូលចំពោះមុខរបស់មន្ត្រីមូលដ្ឋានយើងក្នុងការបន្តចូលរួមចលនាជាតិប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងកូវីដ-១៩ ជាអាទិ៍ យុទ្ធនាការសំរុកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ដូស និងគ្រប់គ្នា ការពង្រឹងវិធានការ «៣ការពារ ៣កុំ» ការដោះស្រាយរាល់ផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ លើផ្នែកសេដ្ឋកិច្ច សង្គម និងអប់រំ ពិសេសការបើកសាលារៀនឡើងវិញ។ល។

យើងទាំងអស់គ្នា ត្រូវចាត់ទុកការសំរេចដោយជោគជ័យភារកិច្ចស្នូលចំពោះមុខនៅមូលដ្ឋាន ជាកត្តាកំណត់ប្រៀបនយោបាយរបស់គណបក្សប្រជាជនកម្ពុជាយើង ក្រោមមគ្គុទ្ទេសក៏ដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឈានទៅដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ៕