(ពោធិ៍សាត់)៖ លោកយាយអាយុ១០០ឆ្នាំឡើង ចំនួន៥នាក់បន្ថែមទៀតហើយ នៅស្រុកក្រគរ ខេត្ដពោធិ៍សាត់ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះរបស់ពួកគាត់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកយាយ អាយុ១០០ឆ្នាំឡើង ដែលទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

*ទី១៖ លោកយាយ ម៉ូវ ស៉ឹម អាយុ១០៧ឆ្នាំ រស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ
*ទី២៖ លោកយយ អ៊ុយ យាន់ អាយុ១០០ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំក្បាលត្រាច ស្រុកក្រគរ
*ទី៣៖ លោកយាយ ឯក សាន អាយុ១០២ឆ្នាំ រស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ
*ទី៤៖ លោកយាយ ស៉ឹម វ៉ាន់ អាយុ១០០ឆ្នាំ រស់នៅភូមិអូរអាចម៌កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ
*ទី៥៖ លោកយាយ ណម សូត្រ អាយុ១០០ឆ្នាំ រស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពួកគាត់ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យពួកគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

លោកយាយទាំង៥នាក់ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

ពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ បើទោះបីពួកគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារពួកគាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីពួកគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យគាត់ឈឺធ្ងន់ធ្ងរនោះដែរ៕