(​វ៉ាស៊ីនតោន​)៖ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នៅក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​នុយក្លេអ៊ែរ​សកល ជាមួយ​មហាអំណាច​នានា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​នោះ បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ ទាំងអស់ មិន​ត្រូវ​ដុត​កម្តៅ​បន្ថែម​ទៅលើ​បញ្ហា ដែល​កំពុង​តែ​ក្តៅ​គគុក​ស្រាប់​នៅ​ហើយ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ នោះឡើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​នៅ​មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០១ ខែ​មេសា ឆ្នាំ​២០១៦​។​

​លោក ស៊ី បាន​ថ្លែង​ដូច​ខាងលើ​នេះ នៅ​ចំពោះមុខ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ា និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឿន​ហេ ដែល​ជា​កិច្ចប្រជុំ​ត្រីភាគី​ដាច់ដោយឡែក​មួយ ពី​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ​លើក​ទី​បួន (NSS)​។​

​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ មិនមែន​ជា​របៀបវារៈ​នៅក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ ឡើយ ប៉ុន្តែ​ដោយសារ​តែ​ប្រទេស​មួយចំនួន​ក្នុង​កិច្ចប្រជុំ​កំពុង​ជាប់​ពាក់ព័ន្ធ​រឿងនេះ ប្រទេស​ចិន​ក្នុង នាម​ជា​អ្នកជិតខាង​កូរ៉េខាងជើង បាន​សំណូមពរ​ប្រទេស​នានា​គួរតែ​រក្សា​ឲ្យបាន​នូវ​សន្តិភាព និង ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ ហើយ​គួរតែ​ប្រើប្រាស់​វិធី​ដោះស្រាយ​បញ្ហា​តាមរយៈ​កិច្ចសន្ទនា និង ចរចា​។​

​គួរបញ្ជាក់​ថា មេដឹកនាំ​ប្រទេស​ចំនួន​ជាង​៥០​បាន​មក​ជួប​ប្រជុំ​គ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចូលរួម កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ ដែល​ក្នុងនោះ​មាន​មេដឹកនាំ​មកពី ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន បារាំង ឥណ្ឌា ម៉ិច​ស៊ិកូ អង់គ្លេស កាណាដា អ៊ីតាលី អា​ហ្សង់​ទីន កា​ហ្សាក់​ស្ថាន និង​ប្រទេស មួយចំនួន​ធំ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេអ៊ែរ​។ ដោយឡែក​ប្រទេស​រុស្ស៊ី បាន​ជូនដំណឹង​មក តាំងពី​ខែ​តុលា ឆ្នាំ​២០១៥ មកម្ល៉េះ ថា​ខ្លួន​នឹង​មិន​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​ឡើយ​៕​