(បន្ទាយមានជ័យ)៖ ទឹកជំនន់ចាប់ផ្តើមឡើងពេញស្ទឹងមង្គលបូរី និងហូរកាត់ខ្នងប្រឡាយជាបណ្តើរៗហើយ ក្នុងចំណុចភូមិសឿ ឃុំសឿ អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពទឹក និងត្រៀមជម្លៀសប្រជាពលរដ្ឋណាលិចទៅទីទួលសុវត្ថិភាពផងដែរ។ នេះបើតាមលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា «កម្រិតបរិមាណទឹកក្នុងពេលនេះ ក្រុមការងារស្រុកមង្គលបូរី នៅគ្រប់គ្រងបាន ប៉ុន្តែ សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ តូចៗ និងត្រៀមខ្លួនចំពោះ បញ្ហាគ្រោះទឹកជំនន់ ផងដែរ»

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានភាពកម្រឹតទឹកស្ទឹងមង្គលបូរី កំពុងហក់ឡើងយ៉ាងគំហុកក្នុងឃុំសឿ លោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលពីស្ថានភាពទឹកនេះ ហើយបើទឹកនៅតែបន្តភ្លៀង និងមានទឹកហូរធ្លាក់មកពីប្រទេសថៃទៀតនោះនឹងត្រូវប្រកាសអាសន្នចំនួន៤ឃុំ ក្នុងនោះរួមមាន ឃុំបត់ត្រង់ រហាត់ទឹក ចំណោម និងឃុំសឿ»

លោកអភិបាលស្រុក បានបន្ថែមថា ហេតុដូចនេះ សូមប្រជាពលរដ្ឋ មន្ត្រី និងអ្នកពាក់ព័ន្ធត្រូវធ្វើការប្រុងប្រយ័ត្ន បង្ការការពារគ្រោះថ្នាក់ ការខូចខាត និងរកវិធីស្ទាក់ទឹកបញ្ចូលស្រែ ក៏ដូចជាស្តុកទឹកទុកជាដើម។

ជាមួយគ្នានេះដែរ លោកលោក រ័ត្ន ដាស៊ីណង់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។

ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់នៅតាមដងស្ទឹង ដែលអាចកើតមានក្នុងស្រុកមង្គលបុរីនេះ សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងស្រុកមង្គលបូរី ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពាក់ព័ន្ធសូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើម៕