(ភ្នំពេញ)៖ លោកឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្ញើលិខិតមួយច្បាប់ ថ្លែងអំណរគុណ ដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចបានសម្រេចដាក់បញ្ចូល ការគិតគូរដល់ជនពិការ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនជនពិការគ្រប់ប្រភេទ។

លិខិតរបស់លោក ឯម ច័ន្ទមករា ផ្ញើជូនសម្តេក្រឡាហោម ស ខេង បានបញ្ជាក់ថា ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ជនពិការនេះ ជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះជនពិការ ក្នុងការបង្កលក្ខណៈងាយស្រួល ដល់បង្អូនជនពិការគ្រប់ប្រភេទ ដើម្បីមានលទ្ធភាពប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៅក្នុងមូលដ្ឋានដោយគ្មានឧបសគ្គរារាំង ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុញ្ញាស្តីពីសិទ្ធិជនពិការ និងការរចនាជាសាកលសម្រាប់ ជនពិការ (Universal Design)៕

ព័ត៌មានលម្អិត សូមអានលិខិតថ្លែងអំណរគុណ របស់លោក ឯម ច័ន្ទមករា ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ទាំងស្រុង៖​