(ភ្នំពេញ)៖ អាជ្ញាធរថៃ នឹងពន្យារពេលការចុះបោសសំអាតទំនិញកម្មសិទ្ធបញ្ជា នៅក្នុងផ្សាររ៉ុងក្លឿ រហូតដល់ចុងខែមេសា ឆ្នាំ២០១៦ តាមសំណើរបស់ក្រសួងការបរទេសកម្ពុជា។

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរថៃ បានចុះត្រួតពិនិត្យទំនិញនៅក្នុងផ្សាររ៉ុងក្លឿ ដែលមានអាជីវករខ្មែរជាច្រើន បានលក់ ទំនិញនៅទីនោះ។ ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញកម្មសិទ្ធបញ្ញា នៅក្នុងផ្សាររ៉ុងក្លឿ បានបង្កឲ្យមានអំពើហិង្សារវាងអាជ្ញាធរថៃ និងអា ជីវករខ្មែរ រហូតមានការដុតរថយន្ត របស់អាជ្ញាធរថៃថែមទៀតផង។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះថា ក្រោយកើតមានព្រឹត្តិការណ៍នេះ ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជានៅបាងកក និងស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសាកែវ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា ខិតខំឈ្មុះឈ្មុលទំនាក់ទំនង ជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ថៃ ដើម្បីស្វែងរកដំណោះស្រាយ សមស្របជួយដល់អាជីវករខ្មែរ។

បើតាមលោក ជុំ សុន្ទរី ក្រោយការខិតខំសម្របសម្រួលពីមន្រ្តីកម្ពុជា អាជ្ងាធរមានសមត្ថកិច្ចរបស់ថៃ បានយល់ព្រមពន្យារពេល ក្នុងការចុះបោសសំអាតទំនិញកម្មសិទ្ធបញ្ញា ដែលអាជីវករខ្មែរដាក់លក់នៅផ្សាររ៉ុងក្លឿ រហូតដល់ចុងខែមេសា ឆ្នាំ២០១៦។

ការពន្យារពេលនេះ គឺជាផ្តល់ឱកាសឲ្យអាជីវករខ្មែរក្នុងយកទំនិញ ដែលមានកម្មសិទ្ធបញ្ញាទាំងអស់នោះ ចេញពីផ្សាររ៉ុងក្លឿចៀសវាង អាជ្ញាធរថៃចុះទៅរឹបអូស នាំឲ្យមានការខាតបង់៕