(ភ្នំពេញ)៖ ស្របពេលដែលរាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សាលាអន្តរជាតិស្ថិតក្នុងវិស័យឯកជន ក៏បានចាប់ផ្តើមចុះរៀបចំសំអាតបរិវេនសាលា នឹងបាញ់ថ្នាំសម្លាប់មេរោគតាមសាលារបស់ខ្លួនជាបណ្តើរដែរហើយ ដើម្បីទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជ ធានីភ្នំពេញ។

ស្របជាគ្នានេះសាលាអន្តរជាតិ ស៊ូឌូ បាយលីងហ្គល អ៊ិនធើណេសិនណល ស្គូល ( Shoudu Bilingual International School) ដឹកនាំដោយលោកស្រី Sally Wang នាយកគ្រប់គ្រងសាលាអន្តរជាតិនេះ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំលោកគ្រូ អ្នកគ្រូ ចុះរៀបចំសំអាតបរិវេនសាលាឡើងវិញ នឹងបាញ់ថ្នាំ សម្លាប់មេរោគជាមួយនឹងការត្រៀមសម្ភារឱ្យបានគ្រប់គ្រប់សម្រាប់ទប់ស្កាត់នឹងជំងឺកូវីដ១៩ ដើម្បីផ្តល់ការការពារដល់សិស្សរបស់ខ្លួន។

លោកស្រី Sally Wang បានឱ្យដឹងថា សម្រាប់ផែនការមុននឹងចាប់ផ្តើមការបើកដំណោះការសាលារៀនឡើងវិញនេះ អ្វីដែលត្រូវត្រៀមចាប់ផ្តើមជាមុននោះគឺ ការរៀបចំ សំអាតបរិវេនសាលារៀន និងបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ក្នុងនោះដែរសាលាក៏បានត្រៀមកំណត់ចំនួនសិស្សសម្រាប់ក្នុងថ្នាក់នីមួយៗផងដែរ គឺអាចអនុញ្ញាត ឱ្យក្នុងមួយថ្នាក់ត្រឹម តែ១៥នាក់តែប៉ុណ្ណោះ ដើម្បីឱ្យសិស្សទាំងអស់អាចរក្សាគន្លាតបាន។

លោកស្រី បានបន្ថែមទៀតថា សម្រាប់ដំណើរការនៅក្នុងសាលារៀន គឺបានត្រៀមរៀបចំរួចជាស្រេចនូវអាកុល ម៉ាស់ សាប៊ូលាងដៃ និងកាបាញ់កម្តៅសម្រាប់ សិស្សទាំងអស់ជាមួយនឹងការរៀបចំរក្សាគម្លាតយ៉ាងល្អ មុននឹងអនុញ្ញាតឱ្យចូលក្នុងសាលា ដែលនេះគឺធ្វើឡើងស្របទៅតាមវិធានការ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល។

សម្រាប់សាលារៀននេះគិតចាប់តាំងពីផ្ទុះឡើងនូវជំងឺកូវីដ១៩ ចូលក្នុងសហគមន៍មកក៏ដំណើរការរៀនរបស់សិស្ស មិនមានការខកខានឡើយ ដោយសាលាបាន អនុវត្តន៍ការរៀនរបស់សិស្សតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យសិស្សទាំងអស់នូវតែទទួលបានការរៀនសូត្រ។ ជាមួយគ្នានោះនាយកគ្រប់គ្រងសាលា ក៏បានធ្វើការ សម្របសម្រួលជាមួយអាណាព្យាបាលសិស្ស ក្នុងការបញ្ចុះតម្លៃមួយចំនួនដើម្បីឱ្យសិស្សទាំងអស់នូវតែអាចបន្តការសិក្សាបានផងដែរ។

ស្របពេលដែររាជរដ្ឋាភិបាលបានសម្រេចឱ្យមានការបើកសាលាឡើងវិញនេះ លោកស្រី គឺមានក្តីរំភើបរីករាយដែលអាចមើលឃើញថា សិស្សានុសិស្សទាំងអស់គឺបាន ចូលរៀនឡើងវិញបាន ដោយលោកស្រីក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ទប់ស្កាត់បាននូវជំងឺកូវីដ១៩ និងអាចឈានដល់ការបើកដំណើរការសាលាឡើងវិញនេះផងដែរ។

សូមបញ្ជាក់ដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង អនុញ្ញាឲ្យបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ខែកញ្ញា។

ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការ ឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕