(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ជាជនល្មើស ពាក់ព័ន្ធលួយគោយន្ត របស់ប្រជាពលរដ្ឋ នៅភូមិស្លាក ឃុំស្រែខ្វាវ ស្រុក អង្គរជុំ ខេត្តសៀមរាប ហើយគេចខ្លួនទៅដល់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

ជនល្មើសឈ្មោះ តឿន សុខជឿន ហៅម៉ៅ ហៅម៉ឺន អាយុ៣៦ ឆ្នាំ ហើយម្ចាស់គោយន្ត ឈ្មោះ តា ចំបក់ អាយុ៥០ឆ្នាំជាង នៅភូមិស្លែង ឃុំស្លែង ស្រុកស្រី​ស្នំ ខេត្ត​សៀមរាប។ ជនសង្ស័យរូបនេះបាន លួចយកគោយន្តពេល ដែលជនរងគ្រោះកំពុងតែរវល់ការកូន ទុកគោយន្តចោល នៅក្បែរជង្រុកស្រូវឆ្ងាយពីផ្ទះការកូន កាលពីថ្ងៃទី២៦ ខែមីនា។

ដោយឡែក នគរបាលស្រុកថ្មពួក ក្រោមបញ្ជាពីលោកឧត្តមសេនីយ៌ស្នងការ អាត់ ខែម បានបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ម្នាក់ ហើយបញ្ជូនទៅតុលាការ នៅថ្ងៃទី១ខែមេសា ឆ្នាំ២០១៦នេះ។ សម្រាប់ករណីនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានចុះសហការជាមួយកម្លាំងយោធា សឹករងខេត្តបន្ទាយមានជ័យ ជួរមុខដងរ៉ែក-ប្រាសាទត្បែង។

មុខសញ្ញាម្នាក់ឈ្មោះឈន់ ខ្លុយ អាយុ៣០ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក រួមទាំងវត្ថុតាងថ្នាំញៀនប្រភេទយ៉ាមា ៥១គ្រាប់ ដែលជនសង្ស័យ លាក់ទុកក្នុងហោប៉ៅខោ ខាវប៊ូយក្រោយឆ្វេង។ ក្រោយមកកម្លាំងជំនាញបានសួរនាំ ដើម្បីស្រាវជ្រាវរកបក្ខពួក និងប្រភពគ្រឿងញៀន។

បច្ចុប្បន្ន កំពុងកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ហើយបញ្ជូនទៅតុលាការចាត់ការបន្តទៀត៕